ចាប់ពី​ថ្ងៃស្អែក​ទៅ​ ​ភ្លៀង​នឹង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​ ​ក្រសួង​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​មួយ​ចេញផ្សាយ​កាលពី​ព្រឹកមិញ​ថា​ ​បច្ចុប្បន្ន​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ ​ដែល​អូស​បន្លាយ​លើ​ប្រទេស​ឡាវ​ ​និង​វៀតណាម​ ​ជាមួយ​និង​របប​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិតមធ្យម​។​

​លក្ខណៈ​បែបនេះ​ ​នឹង​បង្ក​ឲ្យ​តំបន់​មួយចំនួន​ធំ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី២០​ ​មិថុនា​ ​ស្អែកនេះ​ ​រហូតដល់​ថ្ងៃទី២៦​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​ក្នុង​នោះ​បណ្តា​ខេត្ត​-​ក្រុង​នៅ​តំបន់​វាលទំនាប​កណ្តាល​ ​និង​តំបន់​មាត់សមុទ្រ​ ​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​តិច​ទៅ​បង្គួរ​ ​ទន្ទឹម​នោះ​ ​ក៏អាច​មាន​ផ្នែក​ខ្លះ​ខ្លាំង​។​

​ដោយឡែក​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ ​និង​ឦសាន​ ​ក៏​នឹងអាច​មាន​ភ្លៀង​ផង​ដែរ​ ​តែ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​ជាមួយគ្នា​នេះ​ ​បាតុភូត​ ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​នៅតែ​បន្ត​កើតមាន​ ​ពិសេស​តំបន់​ទំនាប​កណ្តាល​ ​អាស្រ័យហេតុ​នេះ​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ក៏​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បណ្តា​បាតុភូត​ខាងលើ​នេះ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close