ស្នងការ​ខេត្ត​ឧត្តរមានជ័យ​ ​ដឹកនាំ​កម្លាំង​ដាំ​កូនឈើ​ជាង៥រយ​ដើម​នៅ​ស្រុកចុង​កាល់​

​(​ឧត្តរមានជ័យ​)​៖​ ​ដោយមាន​ការ​ជំរុញ​ ​និង​ឧបត្ថម្ភ​ពី​ឯកឧត្តម​ ​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​អគ្គស្នងការ​រង​ ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ ​និង​ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ ​នៅ​ថ្ងៃទី១៩ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​ឧត្តមសេនីយ៍​ទោ​ ​ម៉ែ​ន​ ​លី​ ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ ​និង​ជា​ប្រធាន​សមាគមន៍​អតីត​យុទ្ធ​ជ​នក​ម្ព​ជា​ខេត្ត​ឧត្តរមានជ័យ​ ​បាន​ដឹកនាំ​កងកម្លាំង​ ​អន្តរាគមន៍​ខេត្ត​ ​និង​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុកចុង​កាល់​ចំនួន១០០នាក់​ ​នាំ​កូនឈើ​ចំនួន500ដេីម​ ​រួម​មាន​ដេីម​បេង​ ​និង​ដេីម​ក្រញូង​ ​ដាក់ដាំ​ ​នៅក្នុង​ចំណុច​ ​តំបន់​អភិវឌ្ឍន៍​ ​អតីត​យុទ្ធជន​នៅ​ភូមិ​បាត់​តា​កៅ​ ​ឃុំ​-​ស្រុកចុង​កាល់​ ​ខេត្ត​ឧត្តរមានជ័យ​(​បា​ត់​ថ្កៅ​)​ ​ភូមិ​បាក់​វែក​ ​ឃុំ​ចុងកាល់​ ​ស្រុកចុង​កាល់​ ​ខេត្តឧត្ដរមានជ័យ​ ​ដើម្បី​ស្ដារ​ធន់​ធាន​ធម្មជាតិ​ឡើងវិញ​។​

​ក្នុង​នោះ​ ​ឯកឧត្តម​ឧត្តមសេនីយ៍​ទោ​ ​ម៉ែ​ន​ ​លី​ ​បាន​មានប្រសាសន៍​លើកឡើង​ថា​ ​ព្រៃឈើ​ជា​ប្រភព​ធន​ធម្មជាតិ​ដ៏​សំខាន់​ ​សម្រាប់​ប្រទេសជាតិ​យើង​ ​ដូចនេះ​សូម​អាជ្ញាធរ​ ​ក៏ដូចជា​ ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​នាំគ្នា​បំផុសស្មារតី​ ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ស្រឡាញ់​ព្រៃឈើ​ ​ចូលរួម​ដាំដុះ​ ​និង​ការពារ​ព្រៃឈើ​ ​ក៏ដូចជា​ជួយ​ជ​ម្រុ​ញ​ផលប្រយោជន៍​ ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ជីវភាពរស់នៅ​ ​ការ​បង្កបង្កើនផល​កសិកម្ម​ ​និង​បង្កើន​សុខមាលភាព​គ្រួសារ​ ​ព្រមទាំង​ជួយ​លើកស្ទួយ​បរិស្ថាន​សង្គម​ទៀត​ផង​។​​

ឯកឧត្ដម​បន្ត​ថា​ ​ការ​ដាំ​កូនឈើ​ឡើងវិញ​ ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ ​យ៉ាងសកម្ម​ ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​គ្រប់គ្រង​ ​អភិរក្ស​ធនធាន​ព្រៃឈើ​ ​ធនធាន​ធម្មជាតិ​ចម្រុះ​ ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ ​កាត់បន្ថយ​គ្រោះ​ធម្មជាតិ​នានា​ ​និង​ការ​ស្រូប​យក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស​វិញ​ ​ជាពិសេស​ ​បាន​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​ ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថ​ប្រយោជន៍​នៃ​ព្រៃឈើ​ ​និង​ចេះ​ស្រឡាញ់​ ​ធនធាន​ធម្មជាតិ​ ​លើកកម្ពស់​ស្មារតី​ ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​ ​ដែល​មានស្រាប់​ ​និង​ចូលរួម​ឱ្យ​ច្រើន​កុះករ​ ​ក្នុង​ការ​ដាំ​ដើមឈើ​ឡើងវិញ​ ​ដើម្បី​ជា​សុភមង្គល​ ​និង​សេចក្តី​សុខ ចម្រើន​នៃ​ប្រទេស​យើង​ទាំងអស់គ្នា​។​

យ៉ាងណាមិញ​ ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ ​ឯកឧត្តម​ឧត្តមសេនីយ៍​ទោ​ ​ម៉ែ​ន​ ​លី​ ​បាន​អំពាវនាវ​ទៅដល់​ ​អាជ្ញា​ធម៌​ ​ឬ​សមត្ថកិច្ច​ត្រូវ​សហការ​ជាមួយ​ ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ក៏ដូចជា​ ​ធន់​ធាន​ធម្មជាតិ​ផ្សេងទៀត​ ​ឲ្យបាន​ទាន់ពេល​វេលា​៕​

ដោយ៖ សំ ប្រិយង៉ាម

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close