តុលាការ​សម្រេច​ផ្ដន្ទាទោស​ចំប៉ី​ខ្មៅ​ឲ្យ​ជាប់ពន្ធ​នា​គារ២ឆ្នាំ​ ​តែ​អនុវត្ត១ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់៣លាន​រៀល​

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ម៉ៅ​ ​ស៊ីណា​ ​នៅ​ថ្ងៃទី២០​ ​មិថុនា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ ​យិន​ ​ហេង​ ​ហៅ​ចំប៉ី​ខ្មៅ​ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល២ឆ្នាំ​ ​តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ត្រឹម​កំណត់១ឆ្នាំ​ប៉ុណ្ណោះ​ ​និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន៣លាន​រៀល​។​

​តាម​សាលក្រម​ដែល​ប្រកាស​នៅ​ព្រឹកមិញ​ ​ជនជាប់ចោទ​ឈ្មោះ​ ​យិន​ ​ហេង​ ​ហៅ​ ​ចំប៉ី​ខ្មៅ​ ​កើត​នៅ​ថ្ងៃទី២៦​ ​ខែកុម្ភៈ​ ​ឆ្នាំ១៩៩៦​ ​នៅ​ភូមិ​អណ្តូង​ពោធិ៍​ ​សង្កាត់​កំពង់ប្រណាក​ ​ក្រុង​ព្រះវិហារ​ ​ខេត្តព្រះវិហារ​ ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ ​និង​បទ​ជេរប្រមាថ​ជា​សាធារណៈ​ ​តាម​មាត្រា៤៩៦នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ​។​

​ក្រោយ​ការប្រកាស​សាលក្រម​នេះ​ ​ចំប៉ី​ខ្មៅ​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​មិន​ប្ដឹង​ចំពោះ​សេចក្ដីសម្រេច​នេះ​ទេ​ ​ពោល​គឺ​ទទួលយក​ការ​កាត់សេចក្ដី​របស់​តុលាការ​ត្រឹមនេះ​។​

​​គួរ​រំលឹក​ថា​ ​ចំប៉ី​ខ្មៅ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពីដើម​ខែកុម្ភៈ​ ​ក្រោយពី​យុវជន​រូប​នេះ​បាន​ ​live​ ​តាមរយៈ​បណ្តាញ​សង្គម​ ​ដោយ​ជេរដៀល​ប្រមាថ​ដល់​ជាតិសាសន៍​ខ្មែរ​ ​បន្ទាប់ពី​ខឹង​នឹង​យុវជន​ចំនួន៣នាក់​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន​។​

​​ការ​ជេរប្រមាថ​ជាតិសាសន៍​ខ្មែរ​របស់​ចំប៉ី​ខ្មៅ​នេះ​ ​បាន​ធ្វើឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ ​រហូតដល់​មានការ​ចាប់​ឃាត់ខ្លួន​ ​និង​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close