ធនាគារ​វិនិយោគ​អឺរ៉ុប​ផ្តល់​ឥណទាន​សម្បទាន៦០លាន​ដុល្លារ​សម្រាប់​អនុវត្តន៍​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់ខែង​

​ឯកឧត្តម​ ​ហែម​ ​វណ្ណ​ឌី​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​ចំនួន៦០លាន​ដុល្លារ​អាមេរិក​ជាមួយ​តំណាង​ស្របច្បាប់​ធនាគារ​វិនិយោគ​អឺរ៉ុប​ ​(​EIB​)​ ​សម្រាប់​ការអនុវត្ត​ ​“​គម្រោង​សាងសង់​រោច​ក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់ខែង​”​។​

ការ​ចុះហត្ថលេខា​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី១៨​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ ​នា​ទី​ក្រុង​ព្រុច​សែល​ ​ប្រទេស​បែលហ្ស៊ិក​។​

​គម្រោង​នេះ​មាន​រយៈពេល​អនុវត្តន៍​ចំនួន០៤ឆ្នាំ​ចាប់ពី​ឆ្នាំ២០១៩​ ​ដល់២០២២​ ​និង​មាន​គោលដៅ​បង្កើន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បន្ថែម​របស់​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក្នុង​បរិមាណ១៩៥.០០០ម៉ែត្រគីប​ក្នុង​មួយថ្ងៃ​ ​នៅក្នុង​ឆ្នាំ​ ​២០២២​ ​ខាងមុខ​ ​ក្នុង​ការ​បន្ថែម​លើ​សមត្ថភាព​ផលិត​ដែល​មានស្រាប់​បច្ចុប្បន្ន​ ​៥៦០.០០០ម៉ែត្រគីប​ក្នុង​ ​មួយថ្ងៃ​។​

​គម្រោង​នេះ​ ​មាន​ទឹកប្រាក់​សរុប​ចំនួន២៤៧​ ​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​នោះ​ ​ឥណ​ ​ទាន​សម្បទាន​ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​(​AFD​)​ ​ចំនួន៨៥លាន​ដុល្លារ​អាម៉េរិក​,​ ​ឥណទាន​សម្បទាន​សរុប​ពី​ ​EIB​ ​ចំនួន​ ​១០០​ ​លាន​ដុល្លារ​អាម៉េរិក​,​ ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគមន៍​អឺរ៉ុប​ ​(​EU​/​Asian​ ​Investment​ ​Facility​)​ចំនួន១៥លាន​ដុល្លារ​អាម៉េរិក​ ​និង​ថវិកាបដិភាគ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចំនួន៤៧លាន​ដុល្លារ​អាម៉េរិក​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​គឺជា​ភ្នាក់ងារ​ប្រតិបត្តិ​គម្រោង​ខាងលើ​នេះ​ ​និង​ជា​អ្នកខ្ចី​បន្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​ ​ហែម​ ​វណ្ណ​ឌី​ ​ក្នុងនាម​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​បាន​ថ្លែងអំណរគុណ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ ​EIB​ ​ដែល​បាន​រួមចំណែក​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​នេះ​ ​ក៏ដូចជា​ ​កំពុង​បន្ត​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជាមួយនឹង​គម្រោង​ពង្រីក​ការ​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ដល់​វិស័យ​ផ្សេងទៀត​ ​ដែល​បម្រើ​ដល់​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close