ករណីរលំអគារនៅខេត្តព្រះសីហនុ មកទល់ពេលនេះ មានអ្នកស្លាប់៣នាក់ និងរបួស១៨នាក់
អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមិថុនា នេះ គេបានរកឃើញមនុស្សស្លាប់ចំនួន៣នាក់ និងអ្នករងរបួសចំនួន១៨នាក់ ពីគំនរអគារបែកបាក់។ ជនរងគ្រោះទាំងអស់ភាគច្រើនជាកម្មករសំណង់ ហើយបានស្នាក់នៅក្នុងការដ្ឋាននោះ។
អាជ្ញាធរបញ្ជាក់ថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ CHEN KUN អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុន ហើយម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ឈ្មោះ XI GANG TANG GONG GOU JI HAISAO មានថោគែម៉ៅការសាងសង់ឈ្មោះ DENG XING GUI អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU អាយុ២៩ឆ្នាំ។
បច្ចុប្បន្នអ្នកទាំង៤ខាងលើ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្តចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ អគារដែលមានកម្ពស់៧ជាន់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំដល់ដីខណៈដែលអគារនេះកំពុងដំណើរការសាងសង់បានប្រមាណជា៨០ភាគរយទៅហើយនោះ។
ក្រោយកើតហេតុភ្លាមៗ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងជួយសង្រ្គោះបានចុះទៅជួយសង្រ្គោះ ហើយរហូតមកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។