សម្តេចតេជោ ៖ ការដកតំណែងលោក ថៃ នរៈសត្យា គឺចង់ឲ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចត្រសិល្បៈ មានភាពស្អាតស្អំ
ក្រោយពីមានការភ្ញាក់ផ្អើល ពីការដកតំណែងលោក ថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីរូបលោកបានបង្ហាញមុខប្រពន្ធវ័យក្មេងមកនោះ នៅយប់ថ្ងៃទី២១ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចូលទៅខមមែនក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ថា «សុំកុំប្រកែកគ្នា និងចោទប្រកាន់គ្នាពីរឿង លោក ថៃ នរៈសត្យាត្រូវដកចេញពីតំណែង។ ក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់ លើការដកតំណែងនេះ។
សម្តេចតេជោបានបញ្ជាក់ថា ការដកតំណែងរបស់លោក ថៃ នរៈសត្យា គឺចង់ឲ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌មានភាពស្អាតស្អំ។ ហើយថា ពួកអ្នកប្រពន្ធច្រើន ត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញនៅពេលខាងមុខ ដែលនេះ ជាអភិក្រមទី៥ គឺការ វះកាត់។
គួរបញ្ជាក់ថា លោក ថៃ នរៈសត្យា ត្រូវបានព្រះមហាក្សត្រ សម្រេចចេញពីរាជក្រឹត្យត្រាស់បង្គាល់បញ្ចប់មុខតំណែងរបស់លោកពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។