មកទល់ព្រឹកថ្ងៃទី២៣ មិថុនា នេះ អ្នកស្លាប់ដោយសាររលំអគារនៅខេត្តព្រះសីហនុ ឡើងដល់១៧នាក់ និងរបួស២៤នាក់
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះ និងយកចេញពីគំនរបាក់បែកនៃអគាររលំគឺស្លាប់ចំនួន ១៧នាក់ ស្រី០៤នាក់ និងរងរបួសចំនួន ២៤នាក់ ស្រី០២នាក់។ ក្នុងនោះក្រុមគ្រួសារសពបានបំពេញឯកសារទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី បានចំនួន៩សព។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា សកម្មភាពជួយសង្គ្រោះជនរងគ្រោះ អាជ្ញាធរនឹងនៅតែបន្តសង្រ្គោះ រហូតដល់យកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែកនៃអគារបាក់រលំ។
តាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ មកដល់បច្ចុប្បន្ននេះ គំនរបែកបាក់ត្រូវបានក្រុមការងារជួយសង្រ្គោះធ្វើការកាយចេញបានចំនួនប្រមាណ៤០ភាគរយហើយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រកាសផងដែរ បើបងប្អូនបាត់បងប្អូនសាច់ញាតិដោយសង្ស័យថាមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះ សូមទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ៖ ០១៦៥២៦៥២០, ០១៦៣២១០១០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។