សម្តេច ហ៊ុន សែន ថា លោក គួច ចំរើន ជាមនុស្សខ្លាំង អាចគ្រប់គ្រងខេត្តព្រះសីហនុបាន
ថ្លែងតបទៅនឹងសំណួរអ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យកន្លែងរលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុនាព្រលប់ថ្ងៃទី២៤ មិថុនា នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ការតែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ គឺដោយសារតែលោក គួច ចំរើន មានសមត្ថភាពខ្ពស់ និងបទពិសោធន៍ច្រើន ក្នុងការគ្រប់គ្រងទាំងកាលពេលនៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។
សម្តេចលើកឡើងថា «ខ្ញុំមើល comment ថ្ងៃហ្នឹង អ្នកកំពង់ចាមអត់ចង់ឱ្យ គួច ចំរើន ចេញពីកំពង់ចាមទេ។ ប៉ុន្តែដោយសារ គួច ចំរើន ខ្លាំងហ្នឹងហើយ បានជាយកមកដាក់នៅកន្លែងមួយ ដែលត្រូវការមនុស្សខ្លាំងដូច គួច ចំរើន។ គាត់ជាបញ្ញវន្តម្នាក់ ដែលគួរឱ្យគោរព ហើយក៏ចេះការងាររដ្ឋបាលខេត្ត។ អ៊ីចឹង បើសិនជាមនុស្សមិនខ្លាំងទេ ចាំបាច់ដក យន្ត មីន ទៅធ្វើអី ទុក យន្ត មីន នៅហ្នឹងហើយ។ យើងចង់យក គួច ចំរើន ដោយសារ គួច ចំរើន មានបទពិសោធន៍ ក្នុងការដឹកនាំនៅក្នុងទីក្រុងភ្នំពេញ។ ដូច្នេះបទពិសោធន៍នោះ គួបផ្សំនឹងការគ្រប់គ្រងខេត្ត ដែលមានទាំងតំបន់ជនបទ និងទីក្រុង គួច ចំរើន មានលទ្ធភាពអាចអភិវឌ្ឍខេត្តព្រះសីហនុបានល្អ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។