ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​ដោយសារ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​បិទ​បញ្ចប់​ ​ក្រោយ​រក​ឃើញ​ជនរងគ្រោះ​សរុប៥៤នាក់​

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​បិទ​បញ្ចប់​ការរុករក​ ​និង​សង្រ្គោះ​ជនរងគ្រោះ​ដោយសារ​ការ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ហើយ​ ​កាលពី​វេលា​ម៉ោង​ប្រមាណ៧​ ​និង៣០នាទី​យប់​ថ្ងៃទី២៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ក្រោយ​បើក​ប្រតិបត្តិ​ការ​អស់​រយៈពេល២ថ្ងៃ​កន្លះ​។​

​តាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​តុល្យការ​ជនរងគ្រោះ​ដែល​ក្រុមការងារ​បាន​ជួយ​សង្រ្គោះ​យកចេញ​ពី​គំនរ​អគារ​បាក់បែក​ ​មាន​សរុប​ចំនួន​ ​៥៤នាក់​ ​ក្នុង​នោះ​ស្លាប់​ចំនួន២៨នាក់​ ​ស្រី៤នាក់​ ​និង​រង​របួស​ចំនួន​ ​២៦នាក់​ ​ស្រី២នាក់​។​

​ចំពោះ​ជនរងគ្រោះ​បាត់បង់ជីវិត​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​បំពេញ​ឯកសារ​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំនួន​ ​២៧សព​ ​ដោយឡែក​សព​ដែល​នៅសល់​មួយទៀត​ ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close