រថភ្លើងទៅមក ព្រំដែនកម្ពុជា-ក្រុងបាងកក នឹងបើកដំណើរការនៅដើមខែក្រោយ
ក្រុមហ៊ុនផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) បានប្រកាសថា សេវារថភ្លើងប្រចាំថ្ងៃថ្មីរវាងក្រុងបាងកក និងស្ថានីយបានក្លងលឹក ក្នុងខេត្តស្រះកែវ (ជាប់ព្រំដែនកម្ពុជា) នឹងបើកដំណើរការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
លោក Worawut Mala ប្រធានស្តីទីក្រុមហ៊ុន SRT បានថ្លែងឱ្យដឹងថា សេវារថភ្លើងនេះ គឺរត់ ៤ជើងក្នុង១ថ្ងៃ (២ទៅ ២មក)។ ក្នុងនោះ៖
-រថភ្លើងដឹកអ្នកដំណើរ១គ្រឿងលេខ២៧៥ នឹងចេញដំណើរពីក្រុងបាងកក នៅម៉ោង ៥:៥៥នាទីព្រឹក ហើយមកដល់ស្ថានីយបានក្លងលឹក នៅម៉ោង ១១:១៧នាទីព្រឹក។
-ចំណែករថភ្លើង១គ្រឿងទៀតលេខ២៧៩ នឹងចេញពីក្រុងបាងកកនៅម៉ោង ១:០៥ថ្ងៃត្រង់ ហើយមកដល់ស្ថានីយបានក្លងលឹកនៅម៉ោង ៥:២៧ល្ងាច។
-រថភ្លើងលេខ២៨០ នឹងចាកចេញពីស្ថានីយបានក្លងលឹក នៅម៉ោង ៦:៥៨នាទីព្រឹក ហើយទៅដល់ក្រុងបាងកកនៅម៉ោង ១២:០៥នាទី។
-រថភ្លើងលេខ ២៧៦ នឹងចាកចេញពីស្ថានីយបានក្លងលឹក នៅម៉ោង ១:៥៣ថ្ងៃត្រង់ ហើយទៅដល់ បាងកកនៅម៉ោង ៧:៤០នាទីយប់។
លោក Worawut បន្តថា ថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងរួចមកហើយក្នុងការភ្ជាប់ប្រតិបត្តិការផ្លូវដែករវាងប្រទេសទាំង២។
លោកបានព្យាករថា សេវារថភ្លើងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវថៃ និងបរទេស ដែលចង់ឆ្លងកាត់ព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។