ព្រឹទ្ធសភាបើកផ្លូវឲ្យរាជរដ្ឋាភិបាលកម្ពុជាចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ
ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី២៥ ខែមិថុនា អង្គព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាង ច្បាប់ស្តីពីការ អនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សីនិងផ្តៅដោយឥតកែប្រែដោយសម្លេងគាំទ្រ ៥៣សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ខណៈដែល ច្បាប់នេះ ជាការអនុញ្ញាតិឲ្យកម្ពុជាចូលជាចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនៅពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា តាមរយៈកិច្ចព្រមព្រាងចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ គឺប្រជាពលរដ្ឋកម្ពុជានិងទទួលបានការបណ្តុះបណ្តាល និងកសាងសមត្ថភាព ការផ្តល់ប្រឹក្សាជំនាញ ការផ្តល់ជំនួយគម្រោងបច្ចេកទេស ការអភិវឌ្ឍ និងការកែច្នៃឫស្សី និងផ្តៅ និងការគ្រប់គ្រងដោយនិរន្តរភាពពីអ្នកជំនាញជាតិ និងអន្តរជាតិ។
បើតាមការឲ្យដឹងពីតំណាងរាជរដ្ឋាភិបាលបញ្ជាក់ថា ការដាំឬស្សី និងផ្ដៅនេះនឹងផ្ដល់អត្ថប្រយោជន៍ដូចជា ការពារបរិស្ថាន កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការហូរច្រោះ សឹករេចរឹលដី អភិរក្ស និងពង្រីកធនធានជីវចម្រុះរបស់ឫស្សី និងផ្តៅ។ ម្យ៉ាងវិញទៀត ពង្រីកការប្រើប្រាស់ផលិតកម្ម និងការកែច្នៃឫស្សី និងផ្តៅ ដោយផ្អែកលើមូលដ្ឋានប្រកបដោយចីរភាព ដែលអភិវឌ្ឍ និងលើកកម្ពស់គោលនយោបាយ និងបច្ចេកវិទ្យាដែលបង្កើនតម្លៃបន្ថែមទៅលើឫស្សី និងផ្តៅ ដែលអាចប្រើជំនួសឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។