តំបន់សមុទ្រនឹងមានភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃនេះ ក្រសួងស្នើប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្ន
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បច្ចុប្បន្នជ្រលងសម្ពាធទាបនៅបន្តអូសបន្លាយលើកម្ពុជា ខណៈដែលខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពល។
ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់មាត់សមុទ្រ រួមមានខេត្តកោះកុង និងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន គួបផ្សំនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ដោយសារឥទ្ធិពលនេះ បណ្តារាជធានី និងខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។ ចំពោះបណ្តាខេត្តនៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និងនៅភាគពាយព្យខាងជើង និងឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឺមនោះ កន្លែងខ្លះអាចមានភ្លៀងខ្លាំង ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅតែបន្តកើតមាន។
យ៉ាងណាក៏ដោយ ក្រសួងស្នើសាធារណៈជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។