សម្ដេច​ក្រឡាហោម​ ​បញ្ជា​ឲ្យ​សមត្ថកិច្ច​លុបបំបាត់​ក្លឹប​កំសាន្ត​ ​ដែល​មានការ​ចែកចាយ​សារធាតុ​ញៀន​ឲ្យអស់​ពី​ក្នុង​ប្រទេស​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​

​ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹកមិញ​នេះ​ ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ​បាន​មានប្រសាសន៍​ថា​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​គ្រប់​ក្លឹប​កំសាន្ត​ ​ខារ៉ាអូខេ​ណា​ដែល​មាន​ចែកចាយ​សារធាតុ​ញៀន​ ​និង​ត្រូវ​បិត​បញ្ឈប់​មិន​ឲ្យ​បើក​ដំណើរការ​តទៅទៀត​ទេ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ ​ព្រោះថា​ ​គ្រឿងញៀន​ធ្វើឲ្យ​ប្រទេសជាតិ​អសន្តិសុខ​ ​និង​ ​ដើម្បី​ឆ្លើយតប​និង​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​បន្ត​ទៀត​ថា​ ​គ្រឿងញៀន​បាន​វាយលុក​ស្រទាប់​យុវវ័យ​ ​នឹង​ធ្វើឲ្យ​សង្គមជាតិ​មិន​រីកចម្រើន​ ​ហើយ​បង្ក​ឲ្យ​កើតមានឡើង​នូវ​បទ​ល្មើស​ផ្សេង​ៗ​ដូចជា​ ​ឆក់​ ​ប្លន់​ ​ជាដើម​ ​ហើយ​មួយ​ផ្នែក​ធំ​នៃ​បទល្មើស​នៅ​ទូទាំង​ប្រទេស​គឺ​បណ្ដាលមកពី​គ្រឿងញៀន​នេះ​ផង​ដែរ​។​ ​

​បន្ថែម​ពីនេះ​ទៀត​សម្ដេច​បាន​មាន​ប្រសា​ន៍​ថា​ ​គេ​ចាត់ទុក​លុយ​ដែល​បាន​មក​ពី​ការ​រកស៊ី​គ្រឿងញៀន​គឺជា​លុយខ្មៅ​ ​ដែល​លុយខ្មៅ​នេះ​អាច​ប៉ះពាល់​ដល់​ចរាចរណ៍​ ​សេដ្ឋកិច្ច​នូវ​កម្ពុជា​។​ ​ម្យ៉ាងទៀត​លុយ​ដែល​បាន​មក​ពី​គ្រឿងញៀន​នេះ​អាច​និង​មិន​ឲ្យ​មានការ​ចរាចរណ៍​ ​ឬ​ត្រូវ​បង្អក់​ ​មានន័យថា​ ​ទោះបី​ជន​ដែល​ត្រូវ​ជាប់ឃុំ​ដោយសារ​គ្រឿងញៀន​ ​តែ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​គឺ​ត្រូវ​បង្កក​ ​មិន​ឲ្យ​ប្រើប្រាស់​បាន​ផង​ដែរ​។​ ​

​សូម​បញ្ជាក់​ថា​ ​នៅ​ព្រឹកមិញ​នេះ​ ​គ្រឿងញៀន​ ​និង​សារធាតុ​ញៀន​ផ្សេង​ៗ​ ​ចំនួន​ ​២៣៦១,៣៣​ ​គីឡូក្រាម​ ​និង​ ​២២​ ​ដប​ ​ដែល​ត្រូវ​បាន​រឹបអូស​ពី​បទល្មើស​គ្រឿងញៀន​ ​ត្រូវ​បាន​អាជ្ញាធរ​យក​មក​ដុត​កំទេច​ចោល​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close