តុលាការសម្រេចឃុំខ្លួនវេជ្ជបណ្ឌិតដែលប៉ុនប៉ងចាប់រំលោភអ្នកគ្រូពេទ្យក្នុងបន្ទប់ទឹក
វេជ្ជបណ្ឌិតផ្នែកពិគ្រោះជំងឺដំបូងម្នាក់ ដែលបម្រើនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីមានពាក្យបណ្តឹងរបស់អ្នកគ្រូពេទ្យម្នាក់ថា លោកវេជ្ជបណ្ឌិតរូបនោះប្រុងចាប់រំលោភនាងនៅក្នុងបន្ទប់ទឹក។
លោកវេជ្ជបណ្ឌិតដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ ហេង សេងហ៊ ផ្នែកពិគ្រោះជំងឺដំបូង។
លោកវេជ្ជបណ្ឌិតរូបនោះ ត្រូវបានអ្នកគ្រូពេទ្យក្រមុំប្តឹងទៅសមត្ថកិច្ចរឿងប៉ុនប៉ងចាប់រំលោភនាងនៅក្នុងបន្ទប់ទឹកតែមិនបានសម្រេច។ ហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យបង្អែកខេត្ត។ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលដែលនាងក្រមុំជាអ្នកគ្រូពេទ្យបានដើរចូលក្នុងបន្ទប់ទឹក (ពេលយប់) ហើយត្រូវលោកវេជ្ជបណ្ឌិតរូបនោះចូលទៅតាមពីក្រោយហើយចាប់ឱបនាងពីក្រោយប៉ុនប៉ងផ្តួលដើម្បីរំលោភ ប៉ុន្តែត្រូវបាននាងរើបម្រះរួចហើយរត់ចេញមកក្រៅសំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ ។ ប៉ុន្តែលោកគ្រូវេជ្ជបណ្ឌិតរូបនោះដេញតាមនាងរហូតទៅដល់បន្ទប់ដេកទៀត ដោយចាប់នាងអង្អែលភ្លៅ ធ្វើអោយនាងភ័យហើយរត់ចេញពីបន្ទប់ដេកនោះទៅដេកជាមួយមិត្តភក្កិរបស់នាងដែលជាគ្រូពេទ្យដូចគ្នា ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ។ ជនសង្ស័យដែលជាលោកវេជ្ជបណ្ឌិតរូបនេះបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តទៅលើរូបនាងមែន និងគ្រាន់តែឱបនាងពីក្រោយប៉ុណ្ណោះ ក្នុងនោះជនសង្ស័យព្រមសងជាសំណងចំនួន ៨ពាន់ដុល្លារដល់អ្នកគ្រូពេទ្យក្រមុំដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ។ ប៉ុន្តែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនោះមិនត្រូវបានភាគីខាងស្ត្រីរងគ្រោះមិនព្រមទទួលយកឡើយដោយទាមទារធ្វើយ៉ាងណាអោយសមត្ថកិច្ចអនុវត្តតាមច្បាប់ ។
លោក សូរិន្ទ ធីរ៉ាវុឌ្ឃី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះគឺពិតជាមានមែន នេះជារឿងបុគ្គល ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូពេទ្យទាំងមូលផងដែរ ព្រោះកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ បានឃើញនូវសកម្មភាពមែន។ លោកបានបញ្ជាក់ថា ដុកទ័រនោះគឺមានឈ្មោះហេង សេងហ៊ ផ្នែកពិគ្រោះជំងឺដំបូងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។