អភិបាលរាជធានីភ្នំពេញព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអភិបាលខណ្ឌណាដែល បណ្តោយឲ្យនៅតែមានសំណង់ខុសច្បាប់លើទឹកដីខ្លួន
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានដោយត្រង់ៗដល់អភិបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញថា ពួកគេអាចនឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់ បើកាលណានៅ តែបណ្តែតបណ្តោយឱ្យមានសកម្មភាពសាងសង់សំណង់ឥតច្បាប់អនុញ្ញាត នៅលើទឹកដីខ្លួន តទៅទៀត។ ការព្រមានរបស់អភិបាលរាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុបាក់រលំអគារអត់ច្បាប់មួយកន្លែងនៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យពលរដ្ឋកម្ពុជា ស្លាប់ និងរងរបួសជាច្រើននាក់។
បើតាមលិខិតផ្ញើជូនអភិបាលខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ អភិបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ក្នុងករណីដែលសំណង់ គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អភិបាលខណ្ឌ ត្រូវទទួលរងវិន័យរដ្ឋបាល និងទទួលខុសត្រូវចំពោះមុខច្បាប់។
ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុស លិខិតអនុញ្ញាតសាងសង់នេះផងដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំជាប្រចាំដល់រដ្ឋបាលខណ្ឌ ឱ្យយកចិត្តទុកដាក់ ចំពោះបញ្ហានេះ ផងដែរ។ ឯកឧត្តមអភិបាលបានបន្ដទៀតថា ទោះបីជាមានការណែនាំ ជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាត សាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមានឡើងជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ប្រឈមមុខនឹងបញ្ហាចំពោះមុខបែបនេះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវខិតខំទប់ស្កាត់រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ ឱ្យខានតែបាន និងឱ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្តឹងការ គោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាធានាបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ។
គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ បានព្រមានថា នឹងដកមុខតំណែងចំពោះមន្រ្តីទាំងឡាយណាដែលមិនព្រមទប់ស្កាត់ចំពោះសំណង់ខុសច្បាប់ក្នុងដែនសមត្ថកិច្ចខ្លួន ខណៈដែលខ្លួនមានសិទ្ធិ និងតួនាទីភារកិច្ចក្នុងការធ្វើកិច្ចការនេះ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្វើកិច្ចការខាងលើនេះឱ្យមានប្រសិទ្ធភាពដើម្បីធានាថារាល់សំណង់ដែលសាងសង់ និងកំពុងសាងសង់ត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ និងមានបច្ចេកទេសច្បាស់លាស់ ចៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដូចករណីនៅខេត្តព្រះសីហនុនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។