រាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆតាប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូរសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា(IDP) ឆ្នាំ២០១៥-២០២៥។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលតម្រូវឱ្យរួមបញ្ចូលនូវទិដ្ឋភាពចក្ខុវិស័យវែងឆ្ងាយជាច្រើនក្នុងផែនការមេដោយឈរលើគោលការណ៍សំខាន់ៗ ដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត បរិក្ខារ សម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility) បរិស្ថានបៃតង តំបន់ឧស្សាហកម្ម និងជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សដែលមាន ជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ទំនើប និងនវានុវត្តន៍។
លោកបន្ដថា ទិដ្ឋភាពចក្ខុវិស័យវែងឆ្ងាយ មួយទៀតគឺធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ខ្សែក្រវាត់បៃតង កសិកម្មនិងតំបន់លំនៅឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាព ស្តង់ដារខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។