អភិបាលខេត្ត​សៀមរាប​ ​ព្រមាន​ដក​តំណែង​អាជ្ញាធរ​ណា​ដែល​បណ្តោយ​ឲ្យ​មាន​រណ្តៅ​ដី​អត់ច្បាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន​

​លោក​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​កាលពី​ថ្ងៃម្សិលមិញ​នេះ​ ​ក្នុង​ពិធី​ ​«​ទិវា​បរិស្ថាន​ជាតិ​»​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្រុក​ប្រាសាទបាគង​ ​បាន​ធ្វើការ​ព្រមាន​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​ ​ទាំងអស់​ ​ត្រូវ​ពិនិត្យមើល​មេភូមិ​ ​មេឃុំ​ ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ​ហើយ​ថា​ ​បើ​មាន​រណ្តៅ​ដី​ខុសច្បាប់​ហើយ​មិន​រាយការណ៍​ ​គឺ​ត្រូវ​ធ្វើការ​ព្រមាន​លើក​ទី១​ ​លើក​ទី២​ ​ហើយ​លើក​ទី៣​ ​គឺ​ដក​ចោល​តែម្តង​។​

​លោក​ ​ទៀ​ ​សីហា​ ​បាន​ថ្លែង​ថា​ ​“​រណ្តៅ​ដី​អត់ច្បាប់​ត្រូវតែ​បិទ​ ​ចំណែក​គ្រឿងចក្រ​ត្រូវតែ​ចាប់​យក​មក​ទុក​។​ ​ព្រោះ​កាលពីមុន​អាជ្ញាធរ​ចុះ​បិទ​រណ្តៅ​ទាំងនោះ​ ​គ្រាន់តែ​យក​ក្រដាស​ទៅ​បិទ​ ​ដោយ​រក្សាទុក​គ្រឿងចក្រ​ឲ្យ​នៅ​ដដែល​ ​លុះ​អាជ្ញាធរ​ចេញ​បាត់​ ​គេ​ជីក​ដដែល​”​។​ ​តែ​ពេលនេះ​មិន​ត្រូវ​ទុកឲ្យ​នៅ​ដដែល​អីចឹង​ទេ​។​

ក្រៅពី​រណ្តៅ​ដី​អត់ច្បាប់​ ​លោក​អភិបាលខេត្ត​សៀមរាប​ ​ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពិនិត្យមើល​រណ្តៅ​ដី​ទាំងឡាយ​ដែល​មានច្បាប់​ផង​ដែរ​ថា​ ​តើ​ពួកគេ​បាន​ជីក​ត្រឹមត្រូវ​តាមអ្វី​ដែល​ជំនាញ​អនុញ្ញាត​ដែរ​ឬទេ​?​ ​លោក​ថា​ ​”​រណ្តៅ​ដី​មានច្បាប់​យើង​មិន​បិទ​ទេ​ ​ប៉ុន្តែ​យើង​ក៏​ត្រូវ​ពិនិត្យមើល​ដែរ​ថា​ ​វា​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាងណា​?​ ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ជីក​តាមតែ​ចិត្ត​ ​ជីក​ជ្រៅ​ដល់​ក្បាល​ប្រេត​នោះ​ទេ​”​ ​។​ ​ព្រោះ​ការ​ជីករណ្តៅ​ដែល​មាន​ជម្រៅ​ជ្រៅ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រភព​ទឹក​ក្រោម​ដី​ ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close