ប្រគល់ផ្ទះ និង ចែកអំណោយជូនគ្រួសារអតីតយុទ្ធជន នៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
នារសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ និង ចែកអំណោយដល់គ្រួសារអតីតយុទ្ធជនចំនួន ៥០ខ្នងផ្ទះ នៅក្នុងភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍ឯកឧត្តម ឧត្តមសេនីយ៍ទោម៉ែន លីស្នងការនគរបាលខេត្ត និង ជាប្រធានសមាគនអតីតយុទ្ធជនខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនក្នុងខេត្តឧត្តរមានជ័យបច្ចុប្បន្នមានចំនួន ៣២៣៩ នាក់ ក្នុងនោះជាជនពិការចំនួន ១១១៤ នាក់ និវត្តន៍ជន ១៣៤៣ នាក់ ជនបាត់បង់ ៦៧ នាក់ គ្រួសារពលី/មរណៈ ៧១៥ នាក់។
ក្នុងនោះដែរ គ្រួសារដែលមានជីវភាពទីទាល់ក្រ ចំនួន ៥៣៦ នាក់, មធ្យមចំនួន ២៤១៧ នាក់, ធូរធារចំនួន ២៨៦ នាក់, គ្មានផ្ទះគ្មានដី ចំនួន ៤៩៣ គ្រួសារ និងមានផ្ទះតែមិនសមរម្យ ចំនួន ៤៣ គ្រួសារ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសំដែងនូវការសប្បាយចិត្តដោយឃើញការដឹកនាំរបស់ឯកឧត្តមប្រធានសមាគមអតីតយុទ្ធខេត្ត បានខិតខំគៀងគរ និងសហការគ្នា ឯកឧត្តមក៍បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខដល់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានសមាគមអតីតយុទ្ធកម្ពុជា។
ជាមួយគ្នាឯកឧត្តមក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុនមហាមិត្តចិនដែលបានឧបត្ថម្ភថវិកាសម្រាប់ការសាងសង់ចំនួន ២០មឺុនដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធបន្តទៀត ពីព្រោះបើតាមរបាយការណ៍របស់ឯកឧត្តមម៉ែន លី អំមិញៗគឺនៅខ្វះចំនួនជាង ៤០០ខ្នងទៀតឯណោះ ដូច្នេះយើងនៅតែត្រូវបន្តការគៀងគរជំនួយបន្តទៀតដើម្បីជួយដល់ពួកគាត់។ ជាចុងក្រោយឯកឧត្តមនិងម្ចាស់ជំនួយក៍បានចែកជូនផ្ទះនិងអំណោយជានិមិត្តរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។