កន្ត្រកវិលធំលំដាប់ទី៣នៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានវត្តមាននៅខេត្តសៀមរាប
សៀមរាប៖ កន្ត្រកវិលធំលំដាប់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងមានវត្តមាននៅក្នុងបរិវេណផ្សារ Box Vill ក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាពេលខាងមុខនេះ។
លោក ថាកិយូសិ សិណុមីយា (Taheyoshi Shinomiya) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អាយ ខមភេនី លីមីធីត បានថ្លែងនៅក្នុងពិធីបើកការរដ្ឋានសាងសង់កន្ត្រកវិលដ៏ធំនេះ កាលពីចុងសប្តាហ៍កន្លងទៅនេះថា ក្រុមហ៊ុន Angkor Eye គឺជាក្រុមហ៊ុនជប៉ុនដែលមានសាជីវកម្មក្នុងប្រទេសកម្ពុជា ដោយធ្វើការវិនិយោគទឹកប្រាក់ចំនួន៧,២លានដុល្លាសហរដ្ឋអាមេរិក សម្រាប់ការសាងសង់កន្រ្តកវិលដ៏ថ្មីស្រឡាងមួយនៅក្នុងក្រុងសៀមរាប។ កន្លងមកនេះក្រុមហ៊ុន Angkor Eye បានចាប់ដៃគូរធុរកិច្ចខាងសាងសង់សួនកម្សាន្តក្នុងប្រទេសជប៉ុន និង ផ្តល់សេវាដំណោះស្រាយការកម្សាន្ត កន្លែងកម្សាន្តធំៗ និងផ្សារទំនើបធំៗ។ ថ្មីៗនេះ ដោយមានកំណើនតម្រូវការឧបករណ៍ និងសួនកម្សាន្តតាមបែបវិស្វកម្មនិងស្តង់ដារជប៉ុនដែលមានគុណភាពខ្ពស់ ក្រុមហ៊ុនរបស់លោក បានពង្រីកខ្លួនទៅជាអ្នកនាំចេញកន្រ្តកវិល និងឧបករណ៍ជំនាញផ្សេងៗទៀតជាច្រើន។
មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានកន្ត្រកវិលដ៏ទាក់ទាញ ចំនួន១៣កន្លែង ស្ថិតនៅជុំវិញពិភពលោក ចំណែកគម្រោងកន្លកវិល Angkor Eye នៅក្នុងក្រុងសៀមរាបនេះជាគម្រោងទី១៤ របស់ក្រុមហ៊ុន។
លោក ម៉េង ហៀង អគ្គនាយក ក្រុមហ៊ុន អង្គរ អាយ ខេមភេនី លីមីធិត បានថ្លែងថា កន្រ្តកវិល អង្គរអាយ នេះ បានសាងសង់ក្នុងកម្ពស់៨៥ម៉ែត្រមាន៤៨កន្ត្រក ដែលអាចផ្ទុកភ្ញៀវទេសចរណ៍បាន១៩២នាក់ក្នុងពេលតែមួយ។ ហើយភ្ញៀវទេសចរណ៍ម្នាក់នឹងត្រូវប្រើពេលវេលា១៨ នាទី សម្រាប់ការជិះមួយជុំ។ ខណៈពេលជិះកន្ត្រកវិកកម្សាន្តលើអាកាស ភ្ញៀវទេសចរណ៍អាចទស្សនាទិដ្ឋភាពទីរួមខេត្តសៀមរាប នឹងអាចផ្តិតយករូបភាពនិងទេសភាពដ៏ស្រស់ត្រកាល ជាពិសេសអាចមើលឃើញប្រាង្គប្រាសាទអង្គរវត្ត ទិដ្ឋភាពបៃតងនៃវាលស្រែពីលើអាកាសផងដែរ ។
លោកបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនសម្រេចយកទីតាំងខេត្តសៀមរាប សម្រាប់ការវិនិយោគនេះ ដោយសារតែខេត្តសៀមរាបមានប្រាង្គប្រាសាទអង្គរវត្ត ដ៏អស្ចារ្យលើពិភពលោក ហើយមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ និងកំពុងមានសន្ទុះយ៉ាងខ្លាំងក្លានិងប្រកបដោយភាពទាក់ទាញបំផុត។ លោកសង្ឃឹមថា កន្ត្រីកវិលលំដាប់ពិភពលោកនេះនឹងចូលរួមចំណែកក្នុងការផ្តល់សេវាកម្សាន្ត បន្ថែមលើកម្មវិធីទេសចរណ៍របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បន្ទាប់ពីពួកគេបានទស្សនាប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិដែលមាននៅក្នុងខេត្តសៀមរាបរួចមក។
លោកទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស ដោយផ្អែកលើសក្តានុពលវិស័យទេសចរណ៍ ព្រោះតែភាពសម្បូរបែប នៃសម្បតិ្តវប្បធម៌ រមណីយដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលធ្វើឱ្យភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានការកើនឡើងជាលំដាប់។
លោកបានបញ្ជាក់ថា ការវិនិយោគមណ្ឌលកំសាន្តកន្រ្តកវិល លំដាប់អន្តរជាតិនេះ គឺផលិតផលទេសចរណ៍ថ្មីមួយទៀតនៅក្នុងខេត្តសៀមរាប។ ហើយវាក៏នឹងរួមចំណែកធ្វើឱ្យអ្នកទេសចរអាចស្នាក់នៅកម្សាន្តសប្បាយនៅក្នុងខេត្តសៀមរាបបានយូរផងដែរ។ លោករំពឹងថា ក្រៅពីមណ្ឌលកំសាន្តកន្រ្តកវិលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ និងបង្កើននូវការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប លើវិស័យផ្សេងៗទៀត ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។