ផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅក្បែរសាលាទួនហ្វា ត្រូវភ្លើងឆេះកាលពីយប់មិញ
ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងដែលនៅជាប់និងសាលារៀន ទួនហ្វា តាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យលេបត្របាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានលឺសម្លេងផូងៗ (ដូចជាផ្ទុះហ្គាស់) មួយសន្ទុះក្រោយមក ស្រាប់តែឃើញមានអណ្ដាតភ្លើងចេញពីក្នុងផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង និងរាលដាលដល់ផ្ទះពួកគាត់ជាប់ៗគ្នាជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅតែម្ដង។
ក្នុងហេតុការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចនិងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គីភ័យ មានការពិបាកក្នុងការជួយពន្លត់អគ្គីភ័យជាខ្លាំង ព្រោះទីតាំងកើតហេតុ មានចន្លះតូចចង្អៀត និងផ្ទះកើតហេតុ វាងាយស្រួលក្នុងឆាបឆេះផងដែរ ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាខ្នងបែបនេះ ក៏ប៉ុន្តែ ក្នុងករណីអគ្គីភ័យនេះ ពុំមានអ្នករងរបួសអ្វីនោះឡើយ ។
ហេតុការណ៍អគ្គីភ័យខាងលើនេះ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្ឋិដ្ឋានថា បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥០គ្រឿង និងឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ខណះមកដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២ កក្កដានេះ អគ្គីភ័យនៅមិនទាន់រលត់នោះទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។