ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ចង់ឃើញក្លិបកម្សាន្តនានាប្រើប្រាស់សន្តិសុខឯកជនជំនួសប្រើប្រាស់កម្លាំងសមត្ថកិច្ច
ក្នុងឱកាសចូលរួមបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី១៧ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន លើកទឹកចិត្តឱ្យបណ្ដាក្លិបកម្សាន្ដ ខារ៉ាអូខេ និងកន្លែងសប្បាយភាពផ្សេងៗ បង្កើនការប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជំនួសការប្រើប្រាស់កម្លាំងសមត្ថកិច្ចដែលខុសពីការកំណត់ដោយច្បាប់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់បណ្ដាគ្រឹះស្ថាន សប្បាយភាពទាំងអស់ ជាពិសេសក្លិបកម្សាន្ដ ខារ៉ាអូខេ និងកាស៊ីណូ មិនត្រូវប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឡើយ ត្រូវជ្រើសយកភា្នក់ងារសន្ដិសុខឯកជន មកការពារកន្លែងរបស់ខ្លួន ដោយភ្នាក់ងារសន្ដិសុខឯកជនទាំងនោះ មានការបំពាក់បំប៉នជំនាញ សមត្ថភាព វិជ្ជាជីវៈ និងច្បាប់ត្រឹមត្រូវ។
គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយហាមដាច់ខាតមិនអនុញ្ញាតឱ្យមានការយកកងកម្លាំងសមត្ថកិច្ច ដែលជាអ្នកអនុវត្តន៍ច្បាប់ ទៅការពារនៅកន្លែងកម្សាន្ដ ពិសេសក្លិប ខារ៉ាអូខេ និងកាស៊ីណូជាដើម។ សម្ដេចក្រឡាហោមក៏បានលើកទឹកចិត្តឱ្យតាមបណ្ដាក្លិបកម្សាន្ដ ខារ៉ាអូខេ ឬកន្លែងសប្បាយភាពទាំងអស់ គួរតែប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជនឱ្យបានច្រើន ខណៈដែលបច្ចុប្បន្នភា្នក់ងារសន្ដិសុខឯកជន ក៏ទទួលបានការបណ្ដុះបណ្ដាល ពីអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។