កម្ពុជា-ថៃ មានជើងហោះហើរត្រង់ ពីប្រទេសថៃ ឆ្ពោះមកកាន់ខេត្តព្រះសីហនុហើយ
ជើងហោះហើរត្រង់ ចេញពីប្រទេសថៃ ឆ្ពោះមកកាន់អាកាសយាដ្ឋានអន្តរជាតិកកកេង ខេត្តព្រះសីហនុ បានបើកដំណើរការជាផ្លូវការហើយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដោយជើងហោះហើរថ្មីនេះ ត្រូវគេរំពឹងថា នឹងនាំមកនូវភ្ញៀវទេសចរបន្ថែមទៀត មកលេងកម្សាន្តនៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។
បើតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានបញ្ជាក់ថា ជើងហោះហើរជាលើកដំបូង រវាងប្រទេសថៃ និងក្រុងព្រះសីហនុ គឺបានចុះចតដោយសុវត្ថិភាព នៅវេលាម៉ោង ៣ និង ២០នាទីរសៀលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ ដោយបាននាំភ្ញៀវចំរុះជាតិសាសន៍ចំនួន ១៨០នាក់ ចេញពីប្រទេសថៃ ចូលមកខេត្តព្រះសីហនុ។ ទន្ទឹមគ្នានេះ ក៏មានភ្ញៀវទិញសំបុត្រជិះយន្តហោះដដែលនេះ ចេញពីអាកាសយានដ្ឋានខេត្តព្រះសីហនុ ហោះឆ្ពោះទៅកាន់ប្រទេសថៃវិញមានចំនួន១៧០នាក់ដែរ។
ទាក់ទិនការហោះត្រង់នេះ បើតាមមន្រ្តីក្រុមហ៊ុនអាកាសចរណ៍ បញ្ជាក់ថា ជារៀងរាល់សប្តាហ៍ ជើងហោះហើរត្រង់ចេញពីប្រទេសថៃ ឆ្ពោះមកអាកាសយានដ្ឋានខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ មានចំនួន៤ថ្ងៃ គឺនៅថ្ងៃ ច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។