អាជ្ញាធរខេត្តសៀមរាប សម្រេចផ្អាកសកម្មភាពក្រុមហ៊ុនកាយដីមួយ ក្រោយពីកាយដីបំផ្លាញច្រាំង និងដើមឈើនៅតាមមាត់ស្ទឹងសៀមរាប
អាជ្ញាធរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៩ បានសម្រេចឲ្យក្រុមហ៊ុនរាជសីដែលទទួលសិទ្ធិស្តារស្ទឹងសៀមរាប បញ្ឈប់សកម្មភាពជាបន្ទាន់ បន្ទាប់ពីអាជ្ញាធររកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពកាយបំផ្លាញច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាប ក្រោមរូបភាពកាយបើកមុខទឹក ដើម្បីការពារទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សានេះ ។
តាមការបញ្ជាក់របស់មន្ត្រីសាលាក្រុងម្នាក់ សុំមិនបានបញ្ចេញឈ្មោះ បានឲ្យដឹងថា សកម្មភាពកាយស្តារស្ទឹងនេះ ជាគម្រោងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ នៅក្នុងរដូវវស្សានេះ ដែលត្រូវធ្វើការកាយស្ទឹងសៀមរាបផ្នែកខ្លះឲ្យទឹកហូរបានលឿន ជៀសវាងមានការស្ទះទឹក ដែលអាចបណ្តាលឲ្យលិចក្រុងសៀមរាប តែក្រុមហ៊ុន ក៏មិនបានទទួលគម្រោង ប្លង់ ក្នុងការស្តារស្ទឹងនេះឡើយ។
លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានឲ្យដឹងថា យោងតាមកាអង្កេត តាមដាន នៃសកម្មភាពស្តារស្ទឹងសៀមរាប ក្នុងជំហានពីររបស់ក្រុមហ៊ុននេះឃើញថា មានសកម្មភាពមិនប្រក្រតី ដែលធ្វើទៅខុសបច្ចេកទេស ពីគម្រោងរបស់កូរ៉េ ដោយក្រុមហ៊ុន បានជីកកាយយកដីពីមាត់ស្ទឹងយកទៅដាក់ទីកន្លែងផ្សេងពីមាត់ស្ទឹង ឬថាយកទៅលក់ឲ្យដីឡូតិ៍មួយកន្លែងដើមី្បធ្វើផ្ទះល្វែង។ បញ្ហាទាំងនេះ ទើបសាលាសង្កាត់ ធ្វើសេចក្តីរាយការណ៍ទៅសាលាក្រុង ដើមី្បមានវិធានការក្នុងការទប់ស្កាត់សកម្មភាពនេះ។
តាមប្រភពពីមន្ត្រីសាលាខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីឡូតិ៍ដែលក្រុមហ៊ុនរាជសី ដឹកអាចម៍យកទៅចាក់នោះជារបស់លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប។ ប្រភពដដែលបានលើកឡើងថា នេះជាការឃុបឃិតគ្នា រវាងលោក ណម ពិសិដ្ឋ ជាមួយនឹងក្រុមហ៊ុនរាជសី ដោយប្រើប្រាស់រូបភាពគម្រោងកាយបើកមុខទឹក ការពារការជន់លិចក្រុងសៀមរាប នារដូវវស្សា ជ្រកក្រោមស្លាកគម្រោងរបស់មន្ទីរសេដ្ឋកិច្ចហរិញ្ញវត្ថុខេត្ត ដែលមានលោកណម ពិសិដ្ឋ ជាប្រធានមន្ទីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។