វិសម្ពាធ​ទាប​ដែល​កើតឡើង​នៅ​កោះ​ហាយ​ណាន់​ ​វិវត្តន៍​ទៅជា​កូន​ព្យុះ​ទី៤​ ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​សមុទ្រ​ ​និង​តំបន់ភូមិភាគ​ឦសាន

​យោង​តាម​សេចក្តី​ជូនដំណឹង​បន្ថែម​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៣​ ​កក្កដា​ ​នេះ​បាន​ឲ្យដឹង​ថា​ ​វិសម្ពាធ​ទាប​ដែល​កើតឡើង​នៅ​លើ​ភាគ​ខាងកើត​កោះ​ហាយ​ណាន់​ ​បាន​វិវត្តន៍​ទៅជា​កូន​ព្យុះ​ទី៤​ ​ដែល​មានឈ្មោះ​ថា​ ​ម៉ាន់​ ​(​MUN​)​ ​ហើយ​។​

​ព្យុះ​នេះ​នឹង​បន្តដំណើរ​ឆ្ពោះទៅ​ភាគ​ខាងលើ​ឈូងសមុទ្រ​តុងកឹង​ ​មុននឹង​ថមថយ​ឥទ្ធិពល​ជា​វិសម្ពាធ​វិញ​នៅពេល​ឡើងគោក​ ​នៅ​ខាងត្បូង​ប្រទេស​ចិន​នៅ​វេលា​យប់​ឆ្លង​ចូល​ថ្ងៃទី០៥​ ​ខែកក្កដា​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ធនធានទឹក​ថា​ ​ព្យុះ​នេះ​មិនមែន​បក់​ចូល​កម្ពុជា​នោះ​ទេ​ ​តែ​វា​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​ ​ដោយ​វា​នឹង​ធ្វើឲ្យ​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ ​ទាំង​លើ​ដី​ ​ទាំង​លើ​ផ្ទៃសមុទ្រ​ ​ដោយ​ល្បឿន​ខ្យល់ខ្លាំង​ ​និង​រលក​សមុទ្រ​ធំ​។​

​ជាមួយគ្នា​នេះ​ ​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ឦសាន​ខាងកើត​ជាប់​ប្រទេស​វៀតណាម​ ​ក៏​មាន​ភ្លៀង​បន្ត​ធ្លាក់​ច្រើន​ផង​ដែរ​ ​ខណៈ​ដែល​បណ្តា​ខេត្ត​ភាគ​កណ្តាល​ខាងជើង​ ​និង​ពាយ័ព្យ​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​។​

​ដោយសារ​អាកាសធាតុ​បែបនេះ​ ​ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចៀសវាង​នូវ​បណ្តា​បាតុភូត​ ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close