ជំងឺប៉េស្តិ៍ជ្រូកអាហ្រ្វិករាលដាលដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា គេបានរកឃើញជំងឺប៉េស្តជ្រូកអាហ្រិក នៅទីតាំងចំនួន២កន្លែង ស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ក្នុងឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ចំពោះករណីនេះ ក្រសួងស្នើដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក ដោយត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល, ផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ត្រូវសិក្សាស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្រ្វិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។
ក្នុងនោះដែរ ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ នៅតំបន់ផ្ទុះជំងឺប៉េស្តិ៍ជ្រូកអាហ្រ្វិក ត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់មានការប្រកាសជាថ្មីពីការរំសាយតំបន់ជំងឺប៉េស្តិ៍ជ្រូកអាហ្រ្វិកត្រូវបានកំណត់។
តាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ជំងឺប៉េស្តិជ្រូកអាហ្រ្វិកនេះ មិនឆ្លងនិងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។