សាលាក្រុង​ភ្នំពេញ​ដាក់ឲ្យ​ដំណើរការ​ ​App​ ​City​ ​Bus​ ​ថ្មី​ ​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​មក​ប្រើ​សេវា​រថយន្តក្រុង​សាធារណៈ​

​ក្រោយពី​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​ ​(​City​ ​Bus​)​ ​កាលពី​ឆ្នាំ២០១៤​ ​មកទល់​ ​បច្ចុប្បន្ន​សេវា​នេះ​ ​រដ្ឋាករ​ស្វយ័ត​ ​ដឹកជញ្ជូន​សាធារណៈ​ ​រថយន្តក្រុង​ ​និង​ក្រុម​អ្នកជំនាញ​ ​JICA​ ​បាន​បង្កើត​ ​និង​ដាក់​ដំណើរការ​ ​App​ ​“​City​ ​Bus​ ​Official​”​ ​ដែល​អាច​គ្រប់គ្រង​ប្រតិបត្តិ​ការ​ ​រថយន្តក្រុង​ ​និង​តាមដាន​ ​ទីតាំង​ចលនា​បម្លាស់ទី​រថយន្តក្រុង​ ​ដើម្បី​បន្ថែម​ភាព​ ​ងាយស្រួល​ដល់​អ្នកប្រើ​ប្រាស់​។​

ក្នុង​ពិធី​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ ​ប្រតិបត្តិ​ការ​រថយន្តក្រុង​ ​និង​ ​APP​ ​សម្រាប់​តាមដាន​ ​ចលនា​បម្លាស់ទី​រថយ​នក្រុង​ ​លោក​ ​ឃួន​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បង្ហាញ​ជំនឿ​យ៉ាង​ម៉ុ​ត​មាំ​ថា​ ​ប្រព័ន្ធ​ ​APP​ ​ថ្មីនេះ​ ​នឹង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ ​ដល់​អ្នកប្រើ​ប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ​។​ ​ក្នុង​នោះ​ ​នឹង​កាន់តែ​ទាក់ទាញ​ពលរដ្ឋ​កាន់តែ​ច្រើន​ឲ្យ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​។

​លោក​ ​ឃួង​ ​ស្រេង​ ​ឲ្យដឹង​ថា​ ​កម្មវិធី​នេះ​ ​អាច​ផ្តល់​ដំណឹង​ដល់​អ្នកបើកបរ​អាច​បញ្ជៀស​ ​កុំ​ឲ្យ​រថយន្តក្រុង​ពីរ​ ​ឬ​ច្រើន​គ្រឿង​ ​មកដល់​ក្នុង​ពេល​តែមួយ​ ​និង​ផ្តល់​ដំណឹង​ដល់​អ្នកប្រើ​ប្រាស់​សេវា​អាច​ដឹង​ជាមុន​ ​អំពី​ពេលវេលា​ដែល​រថយន្ត​នឹង​មកដល់​ ​ដោយ​ពុំ​ចាំបាច់​ចំណាយពេល​វេលា​រង់ចាំ​យូរ​ ​នៅ​តាម​ចំណត​ដូចមុន​ទៀត​ឡើយ​។

​លោក​ ​អ៊ា​ន​ ​សុ​ឃីម​ ​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​“​ក្នុង​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​រយៈពេល៤ឆ្នាំ​ ​ចាប់ពី​ខែមករា​ ​ឆ្នាំ២០១៧​ ​ដល់​ខែធ្នូ​ ​ឆ្នាំ២០២០​ ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​ ​និង​ក្រុម​ជំនាញការ​ ​JICA​ ​បាន​ដាក់ឲ្យ​ដំណើរ​ ​ការ​សេវា​ដឹកជញ្ជូន​សាធារណៈ​ ​ជូន​ប្រជាពលរដ្ឋ​ ​បាន​ចំនួន១៣ខ្សែ​ ​ប្រើប្រាស់​រថយន្ត​ ​២៣៥គ្រឿង​ ​និង​មាន​អ្នក​ជិះរថយន្ត​ក្រុង​ពី២៦.០០០នាក់​ ​ទៅ៣០.០០០នាក់​ ​ក្នុង​មួយថ្ងៃ​”​។​

​លោក​បន្ថែម​ថា​ ​រដ្ឋាករ​បាន​បំពាក់​នូវ​ម៉ាស៊ីន​ទូទាត់ប្រាក់​ ​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និច​ ​ដោយ​ប្រើប្រាស់​កាត​ ​NFC​ ​របស់​ធនាគារ​ឯក​ទេ​សវីង​ ​និង​អេ​ស៊ី​លីដា​ ​ទាន់ចិត្ត​ ​(​QR​-​Code​)​ ​របស់​ធនាគារ​អេ​ស៊ី​លីដា​ ​នៅលើរថយន្ត​ក្រុង​ទាំងអស់​ ​និង​ ​បាន​រៀបចំ​ជម្រក​រង់ចាំ​ថ្មី​ ​(​Bus​ ​Shelter​)​ ​ចំនួន១៧៧ទីតាំង​លើ​ចំណត​រង់ចាំ​ ​(​Bus​ ​Stop​)​ ​ចំនួន៩០៤ទីតាំង​ ​ដោយ​បំពាក់​ភ្លើងបំភ្លឺ​ ​និង​ ​WIFI​ ​នៅ​លើ​ ​រថយន្តក្រុង​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close