អាជ្ញាធរ​សម្រេច​រឹបអូស​ឈើ​ជាង២៥០ម៉ែត្រគូប​ពី​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

​សៀមរាប​ ​៖​ ​អាជ្ញាធរ​ខេត្តសៀមរាប​ ​បានសម្រេច​រឹបអូស​ឈើ​ប្រភេទ​លេខ១​ ​ប្រមាណ​ជាង២៥០ម៉ែត្រ​ត្រីគុណ​ពី​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា​ ​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​ ​និង​តម្រូវឲ្យ​ម្ចាស់​ឈើ​នេះ​ ​បង់​ពិន័យ​តាមច្បាប់​ស្តី​ពី​ព្រៃឈើ​។​

​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ ​កាលពី​ព្រលប់​ថ្ងៃទី៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខ​ប្រមាញ់​ ​និង​នេសាទ​ខេត្តសៀមរាប​ ​លោក​ ​ទា​ ​គឹ​ម​សុទ្ធ​ ​បាន​ថ្លែង​ថា​ ​បន្ទាប់​ចាប់ផ្តើម​បើក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ​កាល​ល្ងាច​ថ្ងៃទី០២​ ​មកដល់​ថ្ងៃទី០៤​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ខេត្តសៀមរាប​ ​រួមមាន​រដ្ឋបាល​ព្រៃឈើ​ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ​កងរាជអាវុធហត្ថ​ ​និង​តំណាង​ស្ថាប័ន​អយ្យការ​ ​បានសម្រេច​រឹបអូស​ឈើ​ចំនួន២៥១ម៉ែត្រ​ត្រីគុណ​ ​ក្នុងចំណោម​ឈើ​ជាង៥០០ម៉ែត្រ​ត្រីគុណ​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​ ​។​ ​លោក​ថា​ ​ក្រៅពី​រឹបអូស​ឈើ​ ​អាជ្ញាធរ​ក៏បាន​តម្រូវឲ្យ​ម្ចាស់​ឈើ​បង់​ពិន័យ​ជា​ប្រាក់​គុណ​នឹង​បី​នៃ​តម្លៃ​ឈើ​ដែល​រឹបអូស​នេះ​។​ ​ក្នុងករណី​ម្ចាស់​ឈើ​មិនព្រម​បង់​ ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

​ទីតាំង​ស្តុក​ឈើ​មួយ​នេះ​ ​ស្ថិតនៅ​ក្នុង​ក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​ ​ភូមិ​ខ្នារ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​សៀមរាប​ ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​ ​មាន​ម្ចាស់​ទីតាំង​ឃ្លាំង​ឈើ​នោះ​ ​គឺ​លោកស្រី​ ​គី​ ​ឈុន​ឡេង​។​

​តាម​លោក​ទា​ ​គឹ​ម​សុទ្ធ​ ​បាន​ទម្លាយ​ឲ្យដឹង​ថា​ ​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង​នេះ​ ​បាន​ដំណើរការ​អស់​រយៈពេល​ជា​យូរឆ្នាំមកហើយ​ ​ហើយ​កន្លងមក​សមត្ថកិច្ច​ក៏​ធ្លាប់ធ្វើ​ការ​រឹបអូស​ឈើ​ ​និង​ពិន័យ​ដូចគ្នា​ក្នុងករណី​លើក​នេះ​ដែរ​។​ ​យ៉ាងណាក៏ដោយ​ ​លោក​ប្រធានមន្ទីរ​កសិកម្ម​រូប​នេះ​ ​បាន​អះអាង​ថា​ ​តាម​ការអង្កេត​ស្រាវជ្រាវ​កន្លងមក​ ​ទីតាំង​ស្តុក​ឈើ​នេះ​ ​គឺ​សម្រាប់​ប្រើប្រាស់​កសាង​សណ្ឋាគារ​តែប៉ុណ្ណោះ​ ​មិនមែន​ជា​ឃ្លាំង​ឈើ​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​ចែកចាយ​ ​លក់ដូរ​ឈើ​នោះ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close