ប្រុងប្រយ័ត្ន! ជំងឺប៉េស្តជ្រូកអាហ្រ្វិករាលដាលដល់ខេត្តស្វាយរៀងហើយ
ជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលបានរាលដាលនៅទូទាំងប្រទេសវៀតណាម និងត្រូវបានរកឃើញថា បានឆ្លងចូលមកកាន់ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំរបស់កម្ពុជា នោះ ឥឡូវនេះគេបានរកឃើញវត្តមានជំងឺនេះ នៅស្រុកស្វាយជ្រំ នៃខេត្តស្វាយរៀងមួយទៀត។
យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើមកកាន់អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា គេបានរកឃើញវត្តមានមេរោគជំងឺប៉េស្តជ្រូកអាហ្រ្វិកពីឈាមជ្រូកចំនួន៣វត្ថុវិភាគ របស់កសិករចិញ្ចឹមជ្រូកពីភូមិឬស្សីជួខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកសិកម្មបានស្នើដល់អភិបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពង្រឹងទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លងខាងលើក្នុងរង្វង់៣គីឡូម៉ែត្រ ដើម្បីអនុវត្តវិធានការបសុព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងឲ្យថា កាលពីអាទិត្យមុន មានក្រុមពេទ្យសត្វបានមកបាញ់ថ្នាំ ហើយក៏បានយកឈាមទៅពិនិត្យនៅភ្នំពេញ ក្នុងនោះពេទ្យសត្វមិនទាន់ឲ្យផ្សព្វផ្សាយនោះទេ។
លោកមេឃុំបញ្ជាក់ថា បច្ចុប្បន្ននេះ មានសត្វជ្រូកជាច្រើនបានងាប់ជាបន្តបន្ទាប់ ហើយមន្រ្តីជំនាញក៏បានចុះមកពិនិត្យនៅកន្លែងដែលផ្ទុះជំងឺនេះហើយ។
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឲ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក។ តែយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ក្រសួងកសិកម្មថា ជំងឺនេះមិនប៉ះពាល់ទៅដល់មនុស្សនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។