ចាប់ពីថ្ងៃនេះ កម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបជាមួយនិងរបបខ្យល់មូសុងនិរតី
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៩ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ប្រទេសកម្ពុជាយើងនឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនិងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម។
ស្ថានភាពនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានជាអាទិ៍ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម។
បណ្តាខេត្ត-ក្រុងនៅតំបន់វាលទំនាបកណ្តាល ភាគខាងជើង និងភាគពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ក្នុងនោះភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។
ដោយឡែកបណ្តាខេត្ត និងរាជធានី នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើត ជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។
បើតាមការបញ្ជាក់របស់ក្រសួង បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅតែបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាប ដូច្នេះក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។