ព្រះមហាក្សត្រ​អំពាវនាវ​ដល់​ប្រជានុរាស្រ្ត​ ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចូលរួម​ដាំ​ដើមឈើ​

​ខេត្តក្រចេះ​៖​ ​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា​ ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ភូមិ​ស្រែ​ត្រែង​ ​ឃុំ​ក្បាលដំរី​ ​ស្រុក​សំបូរណ៍​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជានុ​សាស្រ្ត​ ​និង​គ្រប់​ក្រសួង​-​ស្ថាប័ន​ ​និង​អាជ្ញាធរ​ ​គ្រប់​លំដាប់ថ្នាក់​ ​សូម​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​យើង​ទាំងអស់គ្នា​ ​ដើម្បី​បាន​ជា​ម្លប់​សម្រាប់​មនុស្ស​ ​សត្វ​ ​បាន​ជា​ឈើ​ ​សំរាប់​សំណង់​ ​អុស​ ​ធ្យូង​ ​ជាពិសេស​បង្កើត​ជីវជាតិ​ដី​កសិកម្ម​ ​ជួយ​ទប់​កម្លាំង​ខ្យល់​ ​និង​ការប្រែប្រួល​អាកាសធាតុ​។​

​ព្រះមហាក្សត្រ​ ​ក៏បាន​មាន​ព្រះ​រា​ជ​បន្ធូល​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ ​គួរ​យកចិត្ត​ ​ទុកដាក់​រៀបចំ​ ​ដើម្បីឲ្យ​គូ​ស្វាមី​ ​ភរិយា​ថ្មី​ ​ដែល​ទើប​រៀប​អាពាហ៍​ពិពាហ៍​ ​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​នៅ​សួន​អាពាហ៍​ពិពាហ៍​ ​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។​ ​

​ជាមួយគ្នា​នេះ​ ​ព្រះមហាក្សត្រ​ ​បាន​មាន​ព្រះ​រា​ជ​បន្ធូល​ ​សូមឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ​ជួយ​ទប់ស្កាត់​ការ​កាប់​ឈើ​ ​ការទន្ទ្រាន​ដី​ព្រៃ​គ្រប់រូប​ភាព​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​យើង​ទាំងអស់គ្នា​ ​ជាពិសេស​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​ដើម្បី​អបអរ​ ​«​រុក្ខទិវា​»​ ​៩កក្កដា​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​កូនឈើ​កម្រ​ ​និង​ប្រណិត​ចំនួន​ ​១៣១៣៥ដើម​ ​ត្រូវ​បាន​ដាក់ដាំ​លើ​ផ្ទៃដី​សរុប​ ​១០ហិ​ក​តា​ ​ដែល​ក្នុង​នោះ​ ​រួមមាន​៖​ ​កកោះ​ ​៣០០០ដើម​ ​,​ ​អង្កាញ់​ ​៤៥០០ដើម​,​ ​ធ្នង់​ ​៣០០០ដើម​ ​,​គ្រញូង​ ​២០០០ដើម​,​ ​ធ្នង់​ដើម​ធំ​មាន​កម្ពស់​ជាង​ ​២ម៉ែត្រ​ ​ចំនួន​ ​៦០០ដើម​ ​និង​ ​គគីរ​ដើម​ធំ​ ​មាន​កម្ពស់​ជាង២ម៉ែត្រ​ ​ចំនួន​ ​៣៥ដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close