តុល្យការ​ចុងក្រោយ​ ​ជ្រូក​ងាប់​ ​៣៣៧​ ​ក្បាល​ ​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ស្រុក​អូររាំងឪ​

យោង​តាម​របាយការណ៍​ពី​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ដែល​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃទី១០​ ​ខែកក្កដា​ ​បាន​បង្ហាញថា​ ​មហន្តរាយ​ដោយសារតែ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​ស្រុក​អូររាំងឪ​ ​បាន​បណ្តាល​ឲ្យ​សត្វ​ជ្រូក​ដែល​ប្រជាកសិករ​ចិញ្ចឹម​ចំនួន​ ​៣៣៧​ ​ក្បាល​បាន​ងាប់​ ​ក្នុងចំណោម​ជ្រូក​ជាង​ ​៩០០០ក្បាល​ដែល​ចិញ្ចឹម​ក្នុង​ស្រុក​នេះ​។​

​របាយការណ៍​បញ្ជាក់​ថា​ ​ការ​ងាប់​នេះ​ ​គឺ​រាលដាល​ចេញពី​ឃុំ​មៀន​ ​ដោយមាន​ជ្រូក​ងាប់​ចំនួន​ ​១៨៣​ ​ក្បាល​ ​បន្ត​ដល់​ឃុំ​អំពិលតាពក​ ​ដែល​មាន​ជ្រូក​ងាប់​ចំនួន​ ​៥៨​ ​ក្បាល​,​ ​ឃុំ​ព្រះធាតុ​មាន​ជ្រូក​ងាប់​ចំនួន​ ​៦២ក្បាល​។​ ​ចំណែក​ឃុំ​ ​៤​ ​ទៀត​របស់​ស្រុក​អូររាំងឪ​ ​ក៏​មាន​ជ្រូក​ងាប់​ផង​ដែរ​។​ ​

​ជាមួយគ្នា​នេះ​ ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​មៀន​ ​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​កំពុង​ទទួលរង​នូវ​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ ​ប្រមាញ់​ ​និង​នេសាទ​ ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ​ ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ ​សុខភាព​សាធារណៈ​ផង​ ​និង​អាច​ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ​ដោយសារតែ​អាច​ធ្វើឲ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ​ ​នឹង​ការខាតបង់​ដើមទុន​កាន់តែ​ខ្លាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close