គិតត្រឹមដើមខែកក្កដានេះ ជំងឺគ្រុនឈាមនៅកម្ពុជាបានធ្វើឲ្យមនុស្សស្លាប់២៥នាក់
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ត្រឹមរយៈពេល២ខែ ពោលគឺចាប់ពីដើមខែឧសភា រហូតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩នេះ នៅប្រទេសកម្ពុជាយើង ជំងឺគ្រុនឈាមបានកើតឡើងសរុបចំនួន១៥០០០នាក់ និងបណ្តាលឲ្យស្លាប់ចំនួន២៥នាក់។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលថា ក្រោយផ្ទុះឡើងនូវជំងឺគ្រុនឈាមនាដើមខែឧសភានោះ ក្រសួងបានអនុវត្តកិច្ចអន្តរាគមន៍ជាបន្ទាន់ ដោយសហការជាមួយភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដីក្នុងការដាក់ថ្នាំសម្លាប់ដង្កូវអទឹកក្នុងអាង ឬពាងទឹកក្នុងតំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម។ ជាលទ្ធផល ក្រោយធ្វើបទអន្ករាគមន៍៣០ថ្ងៃកន្លងមក ក្រសួងសុខាភិបាល សង្កេតឃើញថា ជំងឺគ្រុនឈាមស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ដោយក្នុងនោះជំងឺគ្រុនឈាមបានថយចុះក្នុងខេត្តចំនួន១១ រួមមានខេត្តពោធិ៍សាត់ តាកែវ ស្ទឹងត្រែង ស្វាយរៀង រតនគិរី ប៉ៃលិន កោះកុង កំពង់ធំ បាត់ដំបង ព្រះសីហនុ មណ្ឌលគិរី ។ ហើយខេត្តក្រចេះ កំពត ព្រៃវែង និងខេត្តកែប មានស្ថានភាពនៅមិនមានកើតឡើងករណីឈឺនោះឡើយ។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ក៏នៅតែធ្វើការអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមយ៉ាងសកម្ម អនុវត្តវិធានការការពារជំងឺគ្រុនឈាម តាមរយៈការអនុវត្តវិធានការចំនួន៤ចំណុចរបស់ក្រសួង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។