រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ត្រូវបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅខេត្តភូមិភាគឦសាន
មណ្ឌលគិរី៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលត្រូវរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង ព្រោះតែពិបាកក្នុងការយកចេញមកខាងក្រៅ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការបំផ្លាញចោលដោយប្រើប្រាស់ម្សៅ TNT ។
ដោយឡែកសម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ គឺរង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ បានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែកក្កដា ដោយក្នុងនោះកម្លាំងកងរាជអាវុធ ក៏បានធ្វើការឃាត់ខ្លួន ឧកញ៉ា សឹង សំអុល និងបក្ខពួកចំនួន៣នាក់ផងដែរ។
ពាក់ព័ន្ធនឹងសំណុំរឿង នៃការចាប់ខ្លួន ឧកញ៉ា សឹង សំអុល នេះ បើតាម លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ថា សំណុំរឿងនេះអាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។