នៅក្នុងឆ្នាំ២០៣០ខាងមុខ ប្រជាជនក្នុងរាជធានីភ្នំពេញ នឹងកើនដល់ជាង ២.៤លាននាក់
ក្នុងរយៈពេល១១ឆ្នាំខាងមុខនេះ ពោលគឺនៅឆ្នាំ២០៣០ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា នឹងមានប្រជាជនរស់នៅរហូតដល់ ២.៤៥០.៧០០នាក់។ នេះបើតាមការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងសារលិខិតចូលរួមទិវាប្រជាជនពិភពលោកលើកទី៣០ នាថ្ងៃទី១១ ខេកក្កដា ឆ្នាំ២០១៩នេះ។
សម្តេចតេជោបានគូសបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនេះ ទាមទារ ឲ្យមានការរៀបចំផែនការទីក្រុងច្បាស់លាស់ដើម្បីបញ្ចៀសកំណើននគរូបនីយកម្មដោយចៃដន្យ។ សម្តេចតេជោបានបន្ដថា ការកើនឡើងកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះ គឺដោយសារតែទេសន្តប្រវេសន៍ពីតំបន់ជនបទមករាជធានីភ្នំពេញមានការកើនឡើងទ្វេដងក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ គឺកើនពី៥៧ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជាង១លាន៦សែននាក់ ក្នុងឆ្នាំ២០១៣។
ដោយឡែកពាក់ព័ន្ធនឹងកំណើនប្រជាជន និងសុខភាពបន្តពូជក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសវិញ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ចំនួនប្រជាជនកម្ពុជាមានការកើនឡើងចំនួន១១លាននាក់ ក្នុងឆ្នាំ១៩៩៨ ដល់ជិត១៦លាននាក់ ក្នុងឆ្នាំ២០១៧ ដែលកំពុងមានបម្រែបម្រួលប្រជាសាស្រ្តមួយល្អប្រសើរដល់ការអភិវឌ្ឍ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។