គណៈរដ្ឋ​មន្ត្រី​សម្រេច​ឲ្យ​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​នៅ៤កន្លែង​បន្ថែម​ទៀត​

​គណៈរដ្ឋ​មន្ត្រី​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី១២​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​បានសម្រេច​ឲ្យ​មានការ​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន៤កន្លែង​បន្ថែម​ទៀត​ ​ដោយមាន​អនុភាព​សរុប​ប្រមាណ​ ​១៤០មេ​ហ្គា​វ៉ាត់​ ​ដើម្បី​ទាញ​យក​ថាមពល​មក​បំពេញ​សេចក្តី​ត្រូវការ​ដែល​កំពុង​មានការ​កើនឡើង​។​

លោក​ ​ផៃ​ ​ស៊ី​ផាន​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​ទាំង៤នេះ​ ​ស្ថិតនៅ​ខេត្តពោធិ៍សាត់​ ​ដោយ​ផ្តល់​អានុភាព​ ​៣០មេ​ហ្កា​វ៉ាត់​,​ ​នៅ​ខេត្តបាត់ដំបង​ ​ផ្តល់​អានុភាព​ ​៦០មេ​ហ្កា​វ៉ាត់​,​ ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​ផ្តល់​អានុភាព​ ​៣០មេ​ហ្កា​វ៉ាត់​ ​និង​នៅ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ផ្តាល់​អានុភាព​ ​២០មេ​ហ្កា​វ៉ាត់​។​

​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​បាន​បញ្ជាក់​ថា​ ​ការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​បន្ថែម​នេះ​ ​មាន​សារៈសំខាន់​ ​និង​មានប្រយោជន៍​ ​ដោយ​ជួយ​ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដើម្បី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​សេចក្តី​ត្រូវការ​អគ្គិសនី​ផង​ ​និង​ជួយ​ផ្តល់​លទ្ធភាព​ឲ្យ​វារីអគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន​ ​សម្រាប់​ដំណើរការ​នៅពេល​ត្រូវការ​ចាំបាច់​ផង​។​

​បើ​តាម​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ទាំង៤នេះ​ ​នឹង​រួមចំណែក​ផ្តល់​ប្រយោជន៍​ជាច្រើន​មាន​ដូចជា​៖​ ​ទទួល​បាន​អគ្គិសនី​ពី​ប្រភព​ថាមពល​ស្អាត​ ​កាត់បន្ថយ​ការប្រើ​ប្រាស់​ឥន្ធនៈ​ដែល​មាន​ថ្លៃ​ខ្ពស់​,​ ​ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​ផង​ ​និង​ជួយ​ផ្តល់​លទ្ធភាព​ឲ្យ​វារីអគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន​ ​សម្រាប់​ដំណើរការ​នៅពេល​ត្រូវការ​ចាំបាច់​ផង​,​ ​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​ ​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ពេល​សាងសង់​ ​និង​ដំណើរការ​ ​និង​រាជរដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពន្ធ​ប្រមាណ​ ​១,៨៦៩,៦៦៧ដុល្លារ​អាមេរិក​ក្នុង១ឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល​ ​២១ឆ្នាំ​ ​ដោយ​មិនទាន់​គិតដល់​ពន្ធ​ដទៃទៀត​ដែល​អគ្គិសនី​កម្ពុជា​ ​និង​អ្នក​ចែកចាយ​អគ្គិសនី​ដ៏​ទៃ​ទៀត​ត្រូវ​បង់​នៅឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close