ពិព័រណ៍​ការងារ​នៅ​សៀមរាប​ ​ផ្តល់​ឱកាស​ការងារ៥ពាន់​កន្លែង​ដល់​យុវជន​

​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ ​សៀមរាប​ឆ្នាំ២០១៩​ ​មាន​រយៈពេល២ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃទី១២​ ​ដល់​ថ្ងៃទី១៣​ ​ខែកក្កដា​ ​នៅ​ ​សួនច្បារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ ​ដោយ​នាំ​យក​ឱកាស​ការងារ​ប្រមាណ៥ពាន់​កន្លែង​ជូន​ ​ដល់​យុវជន​ ​និង​សិស្ស​និស្សិត​នៅ​ខេត្តសៀមរាប​ ​ដែល​ពិព័រណ៍​ការងារ​នេះ​ ​មានការ​ចូលរួម​ ​តាំង​បង្ហាញ​ពីសំណាក់​សហគ្រាស​ ​គ្រឹះស្ថាន​ ​ក្រសួង​-​ស្ថាប័ន​ ​និង​អង្គការ​ជាតិ​-​អន្តរជាតិ​ ​ចំនួន៥៨​ ​លើ​បញ្ជរ​សរុប​ចំនួន៦២​ ​មក​ពី​វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗ​នៅក្នុង​ខេត្តសៀមរាប​។​

​លោក​ ​ពេជ​ ​សោភ័ន​ ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការងារ​ ​និង​បណ្តុះ​ ​បណ្តាល​វិជ្ជាជីវៈ​ ​បាន​មានប្រសាសន៍​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​យន្តការ​ ​វេទិកា​ការងារ​ ​តាមរយៈ​ការបង្កើត​ឱកាស​នូវ​ជួបជុំគ្នា​ដោយ​ងាយស្រួល​ ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ទីផ្សារ​ការងារ​,​ ​ការ​ទទួល​បាន​ឱកាស​ការងារ​ ​និង​ជ្រើសរើស​ ​កម្លាំង​ពលកម្ម​ដោយ​ទូលំទូលាយ​,​ ​ការជំរុញ​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព​ ​សំដៅ​បញ្ជ្រាប​ ​ការយល់​ដឹង​ ​និង​កែប្រែ​ផ្នត់គំនិត​ដើម្បី​ខិតខំ​បង្កើន​ផលិតភាព​ក្នុង​ការងារ​។​ ​

​លោក​ថា​ ​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​សៀមរាប​ឆ្នាំ​ ​២០១៩នេះ​ ​គឺ​បង្ហាញ​ពី​ ​ការចូលរួម​ចំណែក​អនុវត្តន៍​ ​និង​សម្រេច​នូវ​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៦​ ​ក្នុង​ការ​បន្ត​ពង្រឹង​យន្តការ​ ​«​វេទិកា​ការងារ​»​ ​ដើម្បី​បង្កើត​ឱកាស​ងាយស្រួល​សម្រាប់​អ្នក​ស្វែងរក​ ​ការងារ​ធ្វើ​ ​ជាពិសេស​យុវជន​ ​និង​សិស្ស​ ​និស្សិត​ ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ដែល​ ​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ ​ហើយក៏​ជា​ឱកាស​សម្រាប់​ផ្គូផ្គង​ជំនាញ​ទៅ​នឹង​ការងារ​ ​ទទួល​ព័ត៌មាន​ទីផ្សារ​ការ​ងា​រថ្មីៗ​បំផុត​ ​ត្រៀមខ្លួន​ចូល​ទីផ្សារ​ការងារ​ដោយ​ជោគជ័យ​ ​និង​ឱកាស​សម្រាប់​អភិវឌ្ឍ​លើកកម្ពស់​ជំនាញ​សម្រាប់​អនាគត​អាជីព​កាន់តែ​ប្រសើរ​។​ ​និយោជក​មានឱកាស​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​ក្រុមហ៊ុន​របស់​ខ្លួន​ ​ដើម្បី​ទាក់ទាញ​ធន​ ​ធាន​មនុស្ស​ប្រកបដោយ​ទេពកោសល្យ​ ​ព្រមទាំង​អាច​ធ្វើការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ ​នៅនឹង​កន្លែង​ផ្ទាល់​ភ្លាម​ៗ​។​ ​

​លោក​ ​Graeme​ ​Buckley​ ​នាយក​ការិយាល័យ​អង្គការ​ ​ILO​ ​ប្រចាំ​ប្រទេស​ថៃ​ ​កម្ពុជា​ ​និង​ឡាវ​ ​លើកឡើង​ថា​ ​“​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​សៀមរាប​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​គឺជា​កន្លែង​ជួបជុំ​ដ៏​ងាយស្រួល​សម្រាប់​សិស្ស​-​និស្សិត​ ​យុវជន​ ​និង​អ្នក​ស្វែងរក​ការងារ​ ​ជាមួយ​ ​ក្រុមហ៊ុន​ ​និយោជក​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​នៅក្នុង​ខេត្ត​។​ ​យុវជន​អាច​ធ្វើការ​ ​សម្រេចចិត្ត​ដាក់ពាក្យ​ស្វែងរក​ការ​ងារ​ភ្លាម​ៗ​ ​សាកសួរ​ព័ត៌មាន​អំពី​តម្រូវការ​ជំនាញ​,​ ​ពិនិត្យ​លើ​ ​គោលនយោបាយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ ​និង​ត្រៀមខ្លួន​ចូល​ទីផ្សារ​ការងារ​បាន​ល្អ​ប្រសើរ​។​ ​លើស​ពីនេះ​ ​ព្រឹត្តិ​ការណ៍​នេះ​ក៏​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ចូលរួម​អបអរ​ខួប១០០ឆ្នាំ​របស់​ ​អង្គការ​ ​ILO​ ​និង​ខួប៥០ឆ្នាំ​ ​នៃ​ការ​ចូល​ជាស​មា​ជិ​ក​ភាព​របស់​កម្ពុជា​ក្នុង​អង្គការ​ ​ILO​ ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​នៅក្នុង​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​សៀមរាប​ឆ្នាំ២០១៩នេះ​ ​ឱកាស​ការងារ​ប្រមាណ៥ពាន់​កន្លែង​ ​ត្រូវ​បាន​ផ្តល់​ជូន​ពីសំណាក់​និយោជក​នៅក្នុង​វិស័យ​ ​សំ​ខាន់​ៗ​ដែល​កំពុង​មាន​សក្តា​នុ​ពល​ ​និង​សកម្មភាព​ធុរកិច្ច​ខ្លាំងក្លា​នៅក្នុង​ខេត្តសៀមរាប​ ​មាន​ដូចជា​ ​ទេសចរណ៍​ ​សណ្ឋាគារ​ ​និង​បដិសណ្ឋារ​កិច្ច​ ​ភោជនីយដ្ឋាន​ ​និង​ម្ហូបអាហារ​ ​សេវា​ដឹកជញ្ជូន​ ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​និង​អចលនវត្ថុ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close