រដ្ឋបាលរាជធានីភ្នំពេញប្រកាសទុករយៈពេល៣០ថ្ងៃ ដល់អ្នកមានដីនៅបឹងជើងឯក មកបង្ហាញទំហំដីរបស់ខ្លួន
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ កក្កដា ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការវាស់វែង និងការកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់សាលាក្រុងថា ពេលនេះខ្លួនកំពុងតែធ្វើការវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក ដោយបានស្វែងរកចំណុចព្រំដី១៩០ហិកតា ដែលត្រូវបម្រុងសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដែនអ្នកកាន់កាប់លើផ្ទៃដី ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ, ក្នុងនោះក៏ស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯកទំហំ ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ព្រមទាំងកំណត់និយាមបណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងបឹងជើងឯក។
ប៉ុន្តែដោយពិនិត្យឃើញថា ម្ចាស់ក្បាលដីពាក់ព័ន្ធមួយចំនួននៅមិនទាន់បានផ្តល់កិច្ចសហការនោះ សាលាក្រុង នឹងទុករយៈពេល៣០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ជាកំហិត សម្រាប់សាធារណជន និងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់បឹងជើងឯក សូមរាស់រាន់ចូលរួមសហការឲ្យបានទាន់ពេលវេលា ហើយថា ផុតថ្ងៃកំណត់ខាងលើ សាលាក្រុងនឹងមិនទទួលវាស់វែង ឬដោះស្រាយសំណូមពរណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។