លក់​ស៊ី​មកា​ត​ទូរស័ព្ទ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​ក្រោយ​លក់​ស៊ី​ម​មិន​យក​អត្តសញ្ញាណ​ប័ណ្ណ​

​កាលពី​សប្តាហ៍​កន្លងទៅ​នេះ​ ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​លក់​ស៊ី​មកា​ត​ទូរស័ព្ទ​ដោយ​មិន​យក​អត្តសញ្ញាណ​ប័ណ្ណ​ ​ដែល​ផ្ទុយពី​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។​ ​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​បុរស​ម្នាក់​នោះ​មានឈ្មោះ​ ​ស៊ឹង​ ​វណ្ណ​ធី​ ​អាយុ៤១ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​ជា​ម្ចាស់ហាង​លក់​ទូរស័ព្ទ​និង​បញ្ចាំ​ ​ដែល​មាន​យីហោ​ ​ហេង​ ​សុខលាភ​ ​មាន​ទីតាំង​ផ្ទះលេខ១២បេ​អឺ០​ ​ផ្លូវ​លេខ១៨២​ ​សង្កាត់​បឹងព្រលិត​ ​ខណ្ឌ៧មករា​។​

​តាម​ការសាកសួរ​របស់​មន្រ្តី​ជំនាញ​ ​ឈ្មោះ​ ​ស៊ឹង​ ​វណ្ណ​ធី​ ​បាន​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​លក់​ស៊ី​មកា​ត​ដោយ​មិន​យក​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​ ​និង​លក់​ស៊ី​មកា​ត​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​អ្នកដទៃ​ជំនួស​ ​ព្រមទាំង​បាន​ធ្វើ​ ​LED​ ​ដើម្បី​ផ្សាយ​ពិតប្រាកដ​មែន​។​ ​បច្ចុប្បន្ន​ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​ ​

សូម​បញ្ជាក់​ថា​ ​កន្លងមក​មាន​បទល្មើស​ជាច្រើន​ ​ដូចជា​ការប្រើ​ទូរស័ព្ទ​មក​បោកបញ្ឆោត​ជនរងគ្រោះ​ដើម្បី​ឈ្នះ​រង្វាន់​ផ្សេង​ៗ​ ​ការ​ឆបោក​តាមរយៈ​ការ​ក្លែង​ធ្វើជា​សាច់ញាតិ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​តម្រូវឲ្យ​ផ្ញើ​ប្រាក់​ ​មក​សង្រ្គោះ​ ​ការ​ឆបោក​តាមរយៈ​បណ្តាញ​សង្គម​ ​Facebook​ ​ក៏ដូចជា​បទល្មើស​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម​ផ្សេង​ៗ​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​ជា​ ​ពៅ​ ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល​ ​ដោយ​មិន​ទិញ​ ​ឬ​លក់​ ​ស៊ី​មកា​ត​ទូរស័ព្ទ​ ​ដែល​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​ ​ជាពិសេស​ឲ្យ​បណ្តា​ហាង​លក់​ស៊ី​មកា​ត​ទាំងអស់​ ​បញ្ឈប់​ជាបន្ទាន់​រាល់​ការ​លក់​ស៊ី​មកា​ត​ដែល​មិន​មាន​បញ្ជាក់​អត្តសញ្ញាណ​អ្នកប្រើ​ប្រាស់​ច្បាស់លាស់​ ​ព្រោះ​ពួកគេ​អាច​ប្រឈមមុខនឹង​ច្បាប់​និង​បិទ​អាជីវកម្ម​របស់​ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close