ក្រុមហ៊ុនជប៉ុនចំនួន៣ នឹង​មក​ចូល​ដេញ​ថ្លៃក្នុង​ការ​ប្រមូល​សំរាម​នៅ​កម្ពុជា

លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក្នុង​ជំនួប​ជាមួយ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១២ ខែកុម្ភ: នេះ បាន​អះអាងថា មាន​ក្រុម​ហ៊ុន​ជប៉ុន​ចំនួន​៣បាន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​ទាំងនោះ​គ្រោង​ចូល​រួម​ក្នុង​ការ​ដេញ​ថ្លៃ​ក្នុង​ការ​ប្រមូល​សំរាម​នៅ​កម្ពុជា។

លោកទូត​បាន​លើក​ឡើងថា ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញ លើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយការយកចិត្តទុកដាក់ នៅពេលនេះលើវិស័យសំរាមតែម្ដង ដែលវិស័យសំរាមនេះ គឺជាកត្តាចាំបាច់។ ក្នុងន័យនេះ លោកថា ក្រុមហ៊ុនជប៉ុន​ចំនួន៣ នឹងចូលរួមចំណែកដេញថ្លៃ ក្នុងការប្រមូលសំរាមនៅកម្ពុជា។

ជាការឆ្លើយតប​ពាក់ព័ន្ធ​នឹង​បញ្ហាការប្រមូលសំរាមនេះ សម្ដេចតេជោ​បាន​មាន​ប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញ មានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រក្រឡា ទៅ៦០០គីឡូម៉ែត្រក្រឡា ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ, ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ ការប្រមូលសំរាមនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close