សម្តេចតេជោ៖ ការអនុញ្ញាតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ គឺដើម្បីលុបបំបាត់នូវជំងឺភ័យខ្លាច
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ នាវាខ្នាតយក្សមួយគ្រឿងដែលមានឈ្មោះថា Westerdam ដែលមានផ្ទុកមនុស្សប្រមាណ២ពាន់នាក់ ហើយត្រូវបានបដិសេធមិនឲ្យចូលចតនៅប្រទេសជប៉ុន ក៏ដូចជាប្រទេស និងកោះ៥ទៀតដោយសារខ្លាចវីរុសកូរ៉ូណា ឬ Covid-19 នោះ នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជាហើយ។
ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យនាវានេះចូលចតនៅកំពង់ផែក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងប្រាប់ Fresh News កាលពីយប់មិញថា ការអនុញ្ញាតឲ្យនាវានេះចូល គឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ដោយត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។
«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ…»។
សូមបញ្ជាក់ថា នាវាទេសចរណ៍ឈ្មោះ Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្រុមហ៊ុននាវាទេសចរណ៍បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា នាវានេះនឹងសំចត១-២ថ្ងៃនៅខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។