ពលរដ្ឋស្នើឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ ជួយមើលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ឃុំជប់ផង
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៧ បានថ្លែងថា បច្ចុប្បន្ននេះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រើតួនាទី និងអំណាច របស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវបង់លុយតាម ការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍នោះដែរ។ ទន្ទឹមនឹងនេះក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងឃុំជប់បានឃុបឃិតឲ្យម្ចាស់រថយន្តធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍យ៉ាងរលូនដោយមិន ចាំបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។
មិនតែប៉ុណ្ណោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ឃុំជប់ តែងប្រើឈ្មោះលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ធ្វើជាបង្អែកទៀតផង។
យ៉ាងណាក៏ដោយ ពលរដ្ឋរំពឹងថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នឹងមិនបណ្តែតបណ្តោយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។