មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី០៨ មីនា
កំពង់ឆ្នាំង ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងមន្ទីរ ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨ មីនា ២០២០ ក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។
ទិវាអន្តរជាតិនារី ០៨មីនា គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់នារីទូទាំងពិភពលោក ក៏ដូចជានារីក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែក សម្រាប់មន្ត្រីរាជការជានារី ដែលបាននិងកំពុងត្រៀមខ្លួនចូលរួមអបអរសាទរប្រកបដោយសេចក្តីរីករាយ និងមោទនភាព ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលប្រធានបទនេះបានរំលេចអំពីគុណូបការៈនៃ “សន្តិភាព”។
គួបញ្ជាក់ថា ទិវានារីអន្តរជាតិ៨ មីនា ធ្វើឡើងដើម្បីរំឮកអំពីវីរភាពអង់អាចក្លាហាននៃការតស៊ូរបស់នារីនៅទូទាំងសាកលលោក ក្នុងការទាមទារអោយមានការលើកកម្ពស់ សិទ្ធ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធស្មើគ្នារវាងបុរស និងស្រ្តីនៅក្នុងសង្គម។
ឆ្លៀតក្នុងឱកាសនោះដែរលោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថាៈ ការប្រារព្ធទិវានារីអន្តរជាតិនាឆ្នាំនេះ ធ្វើឡើងចំពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ។ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាស លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គមផងដែរ ជាចុងបញ្ចប់សូមជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីទាំងអស់ សូមប្រកបទៅដោយសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ និងសូមឲ្យជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តកុំបីឃ្លាងឃ្លាតឡើយ ៕
ដោយ ប៊ុន ថន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។