ការបង្កើតគណបក្សថ្មីមួយ ដែលដាក់ឈ្មោះ «កែមឡី» កំពុងរកាំរកូស
គ្រាន់តែប្រកាសបង្កើតគណបក្សដោយប្រើប្រាស់ឈ្មោះ «កែមឡី» របស់លោក កែម រិទ្ធីសិត ប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី មិនទាន់បានប៉ុន្មានម៉ោងផង ភរិយារបស់លោក កែម ឡី បានចេញមុខរិះគន់ដោយសម្តែងការមិនសប្បាយចិត្តចំពោះការបង្កើតគណបក្សនេះ។ ឆ្លើយតបចំពោះការរិះគន់នេះ,លោក កែម រិទ្ធីសិត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែងឱ្យដឹងថា ការបង្កើតគណបក្ស «កែមឡី» នៅពេលដ៏ខ្លីខាងមុខនេះ គឺដើម្បីរិះគន់ក្នុងន័យស្ថាបនាទៅកាន់រាជរដ្ឋាភិបាល និងស្តារកេរ្តិ៍ឈ្មោះបងប្រុសរបស់លោក នៅក្នុងឆាកនយោបាយឡើងវិញ។
លោក កែម រិទ្ធីសិត បានបញ្ជាក់ថា បេសកកម្មរបស់ «គណបក្សកែមឡី» របស់លោក នឹងរិះគន់នូវចំណុចអវិជ្ជមានទាំងឡាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងចូលរួមកែលម្អសង្គមកម្ពុជា លទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យប្រទេសនេះបានអភិវឌ្ឍទៅមុខ តាមមាគ៌ា និងបំណងរបស់បងប្រុសរបស់លោក។ បងប្រុសរបស់ខ្ញុំមានទស្សនៈចង់ឱ្យស្រុកខ្មែរ យើងហ្នឹង មានការយល់ដឹងអំពីនយោបាយ ចេះរៀនធ្វើនយោបាយនៅគ្រប់មូលដ្ឋាន និងហ៊ានរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល ក្នុងន័យកែលម្អដើម្បីប្រយោជន៍រួមរបស់ជាតិយើង»។
ការប្រតិកម្មឆ្លើយរបស់លោក កែម រិទ្ធីសិត បែបនេះធ្វើក្រោយពីលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានរិះគន់ពីប្រទេសអូស្ត្រាលី ដោយសម្តែងការមិនសប្បាយចិត្តចំពោះការ គណបក្សនយោបាយថ្មី ដោយដាក់ឈ្មោះគណបក្ស កែម ឡី តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
បងប្អូនប្រុសលោក កែម ឡី បានអះអាងទៀតថា «បងប្រុសរបស់ខ្ញុំ មានអ្នកគោរពស្រឡាញ់ច្រើនជាងអ្នកស្អប់ ដូច្នេះខ្ញុំចង់បង្កើតគណបក្សមួយតំណាងឱ្យបងប្រុសរបស់ខ្ញុំ និងចង់គៀងគរអ្នកគាំទ្រគាត់ទាំងអស់ ទោះតិចច្រើនក្តី ឱ្យចូលរួមជាមួយនឹងពួកយើង ហើយមិនឱ្យក្រុមជ្រុលនិយមណាមួយយកឈ្មោះកែមឡីនេះ ទៅប្រើប្រាស់ដើម្បីកេងចំណេញផ្នែកនយោបាយទេ»។
ប្អូនប្រុសបង្កើតសពបណ្ឌិត កែម ឡី សូមអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនដែលជាអ្នកស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី មេត្តាអញ្ជើញចូលរួមជាមួយ គណបក្ស កែម ឡី ដើម្បីរក្សាកិត្តិនាមរបស់លោកបណ្ឌិត និងបន្តបេសកកម្មឱ្យសម្រេចនូវបំណងប្រាថ្នារបស់លោកបណ្ឌិតនៅថ្ងៃខាងមុខនេះ។
សូមជំរាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ លោក កែម រិទិ្ធសិត បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដែលជាឈ្មោះ របស់បងប្រុសរបស់លោក ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។