រដ្ឋាករទឹក អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹកដោយសន្សំសំចៃ
ដោយពិនិត្យឃើញថា នារដូវប្រាំងនេះ តម្រូវការទឹកនឹងកាន់តែកើនឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ សូមមេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីបានចែករំលែកទៅដល់អតិថិជនផ្សេងទៀត ពិសេសតំបន់ជាយក្រុង ដោយមេត្តាកុំប្រើប្រាស់ទឹកស្អាតសម្រាប់បាញ់លាងសម្អាតផ្ទះ និងមេត្តាកាត់បន្ថយការស្រោចសួន និងលាងយានយន្តជាដើម។
បើតាមការបញ្ជាក់របស់រដ្ឋាករទឹកក្រុងភ្នំពេញថា បើទោះជាបច្ចុប្បន្នរដ្ឋាករទឹកមានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ ដោយផលិតទឹកស្អាតបានជាមធ្យម ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃក៏ដោយ ប៉ុន្តែជាក់ស្តែង ដោយការរីកលូតលាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឲ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ដល់ប្រមាណជា ៧០ម៉ឺនម៉ែត្រគូប ដែលធ្វើឲ្យមានកង្វះទឹកស្អាតសម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងក្នុងម៉ោងមានតម្រូវការទឹកខ្ពស់។
យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលនឹងអាចផលិតទឹកស្អាតបាន ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២៣ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។