ឆ្នាំ​២០១៧ កម្ពុជា​បណ្តេញ​ជនបរទេស​ជិត​២​ពាន់​នាក់​

​ប្រធាន​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹង​នៅក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ថា  កាលពី​ឆ្នាំ​២០១៧ កន្លងទៅ បាន​ឃាត់ខ្លួន និង​បណ្ដេញ​ជនបរទេស ជិត​២​ពាន់​នាក់​ពី​កម្ពុជា ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​ថ្លែងថា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន បាន​ឃាត់ខ្លួន និង​បណ្ដេញចេញ​ជនបរទេស​ខុសច្បាប់ សរុប ១,៨៨៥​នាក់ មាន​៤៧​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​៩១៧​នាក់ , ចិន​៥៩៨​នាក់​, នី​ហ្សេ​រី​យ៉ា​១៥៥​នាក់​, ឥណ្ឌា​៣១​នាក់​, តៃវ៉ាន​៣១​នាក់​, កូរ៉េខាងត្បូង​១៥​នាក់​, អង់គ្លេស​១៤​នាក់​, អាមេរិក​១៣​នាក់​, ហ្វីលីពីន​១២​នាក់​។​

​ជាមួយគ្នា​នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ក៍បាន​ឲ្យ​ដឹងផង​ដែរ​ថា ដោយ​អនុវត្តតាម​អនុស្សារណៈ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក ស្ដីពី​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ ពី​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៧ បានទទួល​ពលរដ្ឋ​ខ្មែរ​ធ្វើ​មាតុភូមិនិវត្តន៍​ចំនួន ០៤​លើក មាន​មនុស្ស​២៨​នាក់ ។​លោក​ថា បើ​សរុបមក​ដល់ពេលនេះ ពលរដ្ឋ​ខ្មែរ​ដែល​បានធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ផ្សេងៗ មាន​ចំនួន​២៣០​លើក​ហើយ និង​មាន​មនុស្ស​៥៧២​នាក់ ក្នុងនោះ​ស្រី​១៤​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close