វិធានការខ្វះទឹក សាលារាជធានីភ្នំពេញនឹងប្រើរថយន្តដឹកទឹកចែកជូនប្រជាពលរដ្ឋនៅតំបន់ជាយក្រុង
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចថា នឹងប្រើប្រាស់រថយន្តដឹកទឹកចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុង ខណៈពេលដែលបណ្តាខណ្ឌមួយចំនួននៅជាយក្រុងកំពុងជួបនឹងបញ្ហាកង្វះទឹក ពិសេសនៅក្នុងរដូវប្រាំងនេះ។
ក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៣ មីនា ម្សិលមិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ និងប្រើប្រាស់រថយន្ត ដឹកទឹកដើម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បើនៅតែមិនគ្រប់នឹងប្រើ រថយន្តអគ្គិភ័យ ដើម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ពិសេស ខណ្ឌនៅតាមជាយក្រុងត្រូវតែ ផ្ដល់ព័ត៌មានឲ្យបានជ្រាបអំពីបញ្ហាកង្វះទឹកនេះទៅដល់ប្រជាពលរដ្ឋម្យ៉ាងទៀតយើង ត្រូវរួមគ្នាដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងជំរុញឲ្យការថែរក្សាស្រះទឹកក្នុងភូមិ ដើម្បីដោះស្រាយទឹកមួយចំណែកលើ ការលាង ការស្រោច និងការបោកគក់ជាដើម។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានឲ្យដឹងថា តម្រូវការប្រើទឹកជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវការប្រើប្រាស់ច្រើន និងម្យ៉ាងទៀតដោយសារកម្ពស់ទឹកទន្លេទាបវាបានធ្វើឲ្យដំណើរការបូមទឹកខ្សោយ ហើយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ហើយស្ថានភាពផ្គត់ផ្គង់ទឹកស្អាតមិនត្រឹមតែខ្វះនៅពេលនេះទេ គឺបន្តខ្វះឲ្យតែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយនៃកង្វះទឹកប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩នេះ បានចុះហត្ថលេខាដើម្បី សាងសង់រោងចក្រផលិតទឹក ស្អាតមួយដែលមានសមត្ថភាពផលិតទឹកបានប្រ មាណ៤០ ម៉ែត្រគុបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែហើយ ក្រោយពីរោងចក្រនេះស្ថាបនារួចរាល់នឹងអាចកាត់ បន្ថយនៃការខ្វះទឹកនេះបាន មួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។