លោក ឈួន សោភា មេគយចល័ត ផ្លូវជាតិលេខ៥ នៅតែបន្តសកម្មភាពពុករលួយ
ខេត្តបន្ទាយមានជ័យ :
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោកលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់។
បច្ចុប្បន្នលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលមានស្នាក់ការនៅចំណុចជិតស្ពានទឹកថ្លាផ្លូវជាតិលេខ៥ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។
តាមប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុ ក្រោមតុឲ្យលោក ឈួន សោភា មេគយចល័តផ្លូវជាតិលេខ ៥ មានស្នាក់ការក្បែរស្ពានទឹកថ្លានោះទេ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើឈ្មួញឬអាជីវករណាមានបង្កប់ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់តែងត្រូវបានលោក ឈួន សោភា និងបក្ខពួកគៀបយកលុយស្រេចតែអំពើចិត្ត ហើយយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំមកប្រើដើម្បីបិទបាំងទង្វើរបស់ខ្លួន។ មន្ត្រីគយក្នុងខេត្តបន្ទយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ មានស្នាក់ការនៅជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដែលមានផ្ទុកឥវ៉ាន់ខ្លះៗនោះ ក្នុងមួយខែៗត្រូវបានលោក ឈួន សោភា កំណត់កំណត់ឲ្យបង់លុយជាច្រើនលានរៀលសម្រាប់រថយន្តមួយគ្រឿងៗ ។ ជាងនេះទៅទៀត ក្រុមឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ពីច្រកប៉ោយប៉ែត ក៏ដូចជាពីច្រកព្រំដែនក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកថ្មពួក ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ត្រូវតែបង់លុយតាមការកំណត់របស់លោក ឈួន សោភា និងបក្ខពួកមិនអាចតវ៉ាបានឡើយ។ មន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោក ឈួន សោភា អាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនក្នុងមួយខែៗយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយប្រើប្រាស់ឈ្មោះមេគយធំៗលោក គុណ ញឹម ដើម្បីការពារទង្វើរបស់ខ្លួនរកទីបញ្ចប់គ្មាន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។