សមយុទ្ធនាគមាស២០២០ រវាងកងទ័ពកម្ពុជា និងចិន ចាប់ផ្តើមធ្វើតាមការគ្រោងទុក
(កំពត)៖ សមយុទ្ធ នាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពចិន បានប្រកាសបើកហើយកាលពីព្រឹកមិញនេះ ដោយមាន លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក វ៉ាង វិន ធៀន (Wang Wen Tian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ជាគណៈអធិបតីបើក នៅនៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
បើតាមសេចក្តីរាយការណ៍របស់ប្រធានក្រុមការងារដឹកនាំធ្វើសមយុទ្ធប្រទេសទាំងពីរ បានឲ្យដឹងថា សមយុទ្ធឆ្នាំនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះរថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។
លោក វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូតចិន បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា សមយុទ្ធក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញគឺជាការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។