ក្រសួង​សុខាភិបាល​ប្រកាសថា រកឃើញ​ Covid-19 ៤ករណីថ្មីទៀតនៅ​កម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យដឹងថា គិត​មក​ត្រឹម​វេលា​ម៉ោង​៩យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២០ ក្រសួងបានរក​ឃើញ​វិជ្ជមាន​វីរុស Covid-19 ៤ករណីថ្មីទៀត ដោយ​ក្នុង​នោះ​រកឃើញ​លើជនជាតិ​ខ្មែរ​ឥស្លាម ២នាក់​នៅ​ខេត្តព្រះវិហារ បុរស​ជនជាតិ​ខ្មែរ​មក​ពី​ប្រទេស​បារាំង និង​កូន​របស់​ជនជាតិ​បារាំង​អាយុ​៣៥ឆ្នាំ។

ការបន្ថែម​ករណី​ថ្មី​៤ទៀត​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ករណី​វីរុស Covid-19 សរុបចំនួន ១២ករណី ក្នុងនោះ ១១ករណីនាំចូលពីប្រទេស​ក្រៅ និង​១ករណី ប៉ះផ្ទាល់ជាមួយ​អ្នកជំងឺជនជាតិ​ជប៉ុន។

សម្រាប់​ករណី​រកឃើញ​៤ចុងក្រោយ​នេះ បើ​តាមការ​បញ្ជាក់របស់​ក្រសួងថា ករណី​កូន​របស់បុរស​ជនជាតិ​បារាំង អាយុ​៣៥ឆ្នាំ ដែល​គាត់ត្រូវ​បាន​រកឃើញ​វិជ្ជមាន Covid-19នោះ គឺកូននោះ​មាន​អាយុ​៤ខែ ត្រូវ​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ១៩ ហើយ​ពេលនេះ ក្រសួង​បាន​រៀបចំ​យកទៅ​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។

ចំណែក​បុរស​ជនជាតិ​ខ្មែរ ០១ នាក់ ក្រោយ​ពីវិលត្រឡប់​មក​ពី​ប្រទេស​បារាំងវិញ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ដោយ​ឡែក​ខ្មែរ​ឥស្លាម​ចំនួន​២នាក់​នៅ​ខេត្តព្រះវិហារ (អាយុ​៣៥ឆ្នាំម្នាក់ និង​៣៩ឆ្នាំ​ម្នាក់) ក៏រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ដែរ ក្រោយ​កាលពីថ្ងៃទី២៩ ខែកុម្ភៈ ពួក​គេ​ចំនួន​១០នាក់ បាន​ទៅចូលរួម​ពិធីសាសនា​នៅ​ជិតទីក្រុង​កូឡាឡាំពួរ ហើយ​ថ្ងៃទី៣ ខែមីនា បាន​វិលត្រឡប់​មក​កាន់ខេត្តព្រះវិហារវិញ។ នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២០ មាន​ការ​ផ្តល់ព័ត៌មាន​មក​ថា អ្នក​ចូលរួម​នៅ​ក្នុង​ពិធីនោះ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​អ្នក​វិជ្ជមាន​វីរុស​កូវីដ១៩។ បន្ទាប់​មក​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បាន​ស្រាវជ្រាវ​ឃើញ​បុគ្គលដែលវិលត្រឡប់​មក​វិញទាំង​១០នាក់នោះ ហើយ​បាន​យក​សំណាក​វត្ថុវិភាគ​ ហើយ​ជា​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ព័រ​កម្ពុជា​បាន​បង្ហាញថា ក្នុង​ចំណោមនោះ មានពីរនាក់​វិជ្ជមាន​វីរុស​កូវីដ១៩។ បច្ចុប្បន្ន​អ្នក​ដែលវិជ្ជមាន​វីរុស​កូវីដ១៩ទាំងពីរនាក់ ក្រុម​គ្រូពេទ្យកំពុង​ចាត់រៀបចំ​យក​មកដាក់ព្យាបាលនៅ​មន្ទីរ​ពេទ្យ​ខេត្តព្រះវិហារ រីឯអ្នក​៨នាក់​អវិជ្ជមាន​កូវីដ​១៩នោះ ត្រូវ​ដាក់​ឲ្យ​នៅ​តាម​ដាន​សុខភាព​ផ្ទាល់ខ្លួន​ចំនួន​១៤ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close