សម័យជម្ងឺឆ្លងកូវិដ19 លោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងលោក ស៊ឹង ចាន់សុជាតិ
https://youtu.be/wRM52qCx0Mg
ព្រះវិហារ៖
កាលពីយប់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២០ ផ្ទះអ្នកស្រុកមួយកន្លែងមានម្ចាស់ឈ្មោះចិត ត្រូវបានមេឈ្មួញឈើម្នាក់ឈ្មោះធី (ឬហៅធីម្រេច) បានដឹកឈើគ្រឿងផ្ទះយកទៅស្តុកទុកជាង ២០ម៉ែត្រគីបនៅក្នុងភូមិជីអោក ឃុំ រមណីយ ស្រុក រវៀង ខេត្ត ព្រះវិហារ ត្រូវបានកំលាំងរដ្ឋបាលព្រៃឈើផ្នែក និងសង្កាត់រវៀងសហកាជាមួយកម្លាំងបរិស្ថាន អាវុធហត្ថស្រុក ស្នាក់ការសន្តិសុខជីអោកបានចុះឡោមព័ទ្ធទាំងយប់ ក្នុងនោះរួមមានផ្ទះឈ្មោះចិត ផ្ទះឈ្មោះខន និងផ្ទះឈ្មោះស្វាយ ឃឹន ។
សូមបញ្ជាក់ថា លោក ស្វាយ ឃឹនជាមន្ត្រីទាហានចូលនិវត្តន៍ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រទានផ្ទះឲ្យ១ខ្នង ប៉ុន្តែពុំទាន់បាំងជញ្ជាំងជិតនៅឡើយទេ លោកស្វាយ ឃឹនបានទិញឈើក្តាជាង ៤ ម៉ែត្រគីបទុកសម្រាប់បាំងជញ្ជាំង។ តែគេឆ្ងល់ថា សម័យជម្ងឺឆ្លងកូវិដ១៩នេះហេតុអ្វី បានជា លោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងលោក ស៊ឹង ចាន់សុជាតិ ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តព្រះវិហារ បែរជាមកលាបពណ៌ដាក់ទោសកំហុស បញ្ជាឱ្យដាក់ខ្នោះកូនប្រុសលោក ហើយដកហូតយកឈើទុកសង់ផ្ទះជាង៤ម៉ែត្រគីបទៅវិញ ?។
យោងតាមប្រភពពីមន្ត្រីប្រដាប់អាវុធម្នាក់សុំមិនបញ្ចេញឈ្មោះដែលបានទៅចូលរួមក្នុងហេតុការណ៍នោះបង្ហើបឲ្យដឹងថាគោលបំណងរបស់លោកនាយផ្នែករវៀង និងលោកប្រធានមន្ទីរស្ដីទីបរិស្ថានមិនមានបំណងចាប់ឈើរបស់ឈ្មោះ ឃឹនជាង ៤ម៉ែត្រគីបនោះទេ ប៉ុន្តែមកឡោមព័ទ្ធផ្ទះលោក ចិត សួរទៅឆ្លើយថា ឈើឈ្មោះ ធី គេក៏រំសាយវិញទៅ បន្ទាប់មកកម្លាំងទាំងនោះបានទៅឡោមព័ទ្ធផ្ទះលោក ខន ក្រោយមកឡោមព័ទ្ធផ្ទះឈ្មោះ ឃឹន ប្រពន្ធឈ្មោះ គឹម ចាប់ដាក់ខ្នោះកូនប្រុសគាត់ម្នាក់ ហើយដកហូតយកឈើជាង៤ម៉ែត្រគីបទៅរក្សាទុកនៅស្នាក់ការបរិស្ថាន។
ទាក់ទិននឹងរឿងខាងលើនេះ គេដាក់ការសង្ស័យថាមូលហេតុដែលជំនាញមិនចាប់ឈើមេឈ្មួញឈ្មោះ ធី ហៅធីម្រេចនោះទំនងជាមេឈ្មួញរូបនេះបានបង់ប្រាក់ប្រចាំខែប្រចាំថ្ងៃយ៉ាងច្រើនក្រាស់ក្រែលទៅឲ្យលោកនាយផ្នែក និងលោកប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះវិហារអស់ហើយមើលទៅ បានជាមិនចាត់ការមេឈ្មួញឈ្មោះ ធី រូបនោះ បែរជាមកលាបពណ៌ចាប់យកឈើរបស់ឈ្មោះ ឃឹន ទុកបាំងជញ្ជាំងផ្ទះទៅវិញ ?។
អ្នករិះគន់ជាច្រើនបានលើកឡើងថាលោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និងលោក ស៊ឹង ចាន់សុជាតិ ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តព្រះវិហារតាំងពីគាត់ចូលកាន់តំណែងនេះមក ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ គេរិះគន់ពាក់ព័ន្ធបទល្មើសព្រៃឈើ មេព្រៃបរិស្ថានខេត្តព្រះវិហារចាប់បានតែឈ្មួញល្មើសច្បាប់តូចតាចទេ យកទៅដាក់គុក ។ ចំណែកឈ្មួញឈើធំៗ គឺលោកនាយផ្នែករវៀង និងលោកប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តព្រះវិហារ មិនដែលចាប់បានម្ដងណាឡើយ ។
យើងនៅចាំបានថា សម្ដេចតេជោ ហ៊ុន សែនធ្លាប់បានបញ្ជាឲ្យអស់លោកបង្ក្រាបការនាំឈើទៅប្រទេសវៀតណាម រួមទាំងបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបផងដែរ តែរហូតមកដល់ពេលនេះ ស្ងាត់ជ្រាបដូចជាគ្មានឃើញមុខឈ្មួញឈើគ្រាក់ៗនៅក្នុងខេត្តព្រះវិហារ ដែលមានសក្ត័សុទ្ធតែវរសេនីយ៍ ឧត្តមសេនីយ៍ និងឧកញ៉ាណាម្នាក់ត្រូវបានលោកនាយផ្នែករវៀង និងលោកប្រធានស្ដីទីមន្ទីរបរិស្ថានចាប់វាយខ្នោះកសាងសំណុំរឿងបញ្ជូនទៅតុលាការនោះឡើយ ។
យើងលើកជាចម្ងល់ ក្រែងលោកនាយផ្នែក និងលោកប្រធានស្ដីទីមន្ទីរបរិស្ថាននឹកឃើញ និងមានវិធានការចាត់ការលើឈ្មួញបំផ្លាញឈើគ្រាក់ៗ ដែលភាគច្រើនមានងារជាឧកញ៉ា ឬជាឧត្តមសេនីយ៍ វរសេនីយ៍រកស៊ីបទល្មើសព្រៃឈើទាំងអស់នោះឡើងវិញ ដើម្បីទុកធ្វើជាគំរូ កុំឲ្យអ្នកជំនាន់ក្រោយៗរកស៊ីប្រព្រឹត្តបទល្មើសតទៅទៀត ។
អ្នករិះគន់ទំនងជាដឹងរឿងរបស់លោកទាំងពីរច្រើន បានលើកឡើងទៀតថា ក្រោយសម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំឈើចេញទៅប្រទេសវៀតណាមរួចមក គឺមានឈើប្រណិត និងឈើមូលរាប់ម៉ឺនម៉ែត្រគូប ត្រូវបានគណៈកម្មការបង្ក្រាបបានពីឃ្លាំងស្តុក តាមក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ច និងតាមព្រៃនានាដែលពួកឈ្មួញគ្រាក់ៗកាប់ និងប្រមូលទិញពីព្រៃព្រះរកា ព្រៃឡង់ ដែនអភិរក្សជំរកសត្វព្រៃគូលែនភ្នំទេព និងព្រៃសហគមន៍នានាក្នុងខេត្តព្រះវិហារ ដើម្បីនាំចេញយកទៅលក់នៅប្រទេសវៀតណាម ។
ក្នុងនោះគេដឹងថា មានឈ្មួញឈើគ្រាក់ៗខ្លះជាឧកញ៉ា ខ្លះជាឧត្តមសេនីយ៍ ខ្លះជាវរសេនីយ៍ជាច្រើននាក់ ត្រូវបានគណៈកម្មការស្រាវជ្រាវរកឃើញពាក់ព័ន្ធបទ ល្មើសព្រៃឈើនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តែក្រោយមកក៏ចេះតែស្ងាត់ទៅៗ ហើយគេលេចឮព័ត៌មានថា បញ្ជីឈ្មោះនោះត្រូវបានរំសាយចោលវិញហើយ ព្រោះប៉ះសុទ្ធតែគ្នាឯង ។
ករណីពាក់ព័ន្ធទៅនឹងបទបញ្ជារបស់សម្ដេចតេជោ កាលពីពេលកន្លងទៅខណៈដែលបទបញ្ជារបស់សម្ដេចឲ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសការនាំឈើចេញទៅប្រទេសវៀតណាមដ៏ម៉ឺងម៉ាត់នោះ គឺគ្មានឈ្មួញឈើធំៗណាម្នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់វាយខ្នោះបញ្ជូនទៅតុលាការនោះឡើយ តែបើឈ្មួញតូចតាច និងប្រជាពលរដ្ឋស្លូតត្រង់ទិញដូរបន្តិចបន្តួចដឹកជញ្ជូនយកមកជួសជុលផ្ទះសំបែង លោកនាយផ្នែករវៀងនិងលោកប្រធានស្ដីទីមន្ទីរបរិស្ថានតែងតែចាប់គ្មានត្រាប្រណីហើយពួកលោកឈរកាន់ដៃគ្នាតម្រៀបជាជួររួមនឹងវត្ថុតាងកំប៉ិកកំប៉ុកឲ្យអ្នកកាសែតថតរូបផ្សព្វផ្សាយបង្ហាញស្នាដៃដើម្បីបិទបាំងភាពកំសាករបស់ខ្លួនដោយឥតអៀនខ្មាស់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។